(ក្រចេះ)៖ ថ្លែងចេញពីទឹកដីខេត្តក្រចេះ កន្លែងសម្ពោធសមិទ្ធផលដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹករឿងមួយដែលគេធ្លាប់តិះតៀនសម្ដេចថា ជាមេដឹកនាំដែលពូកែតែសុំជំនួយពីបរទេស តែសម្ដេចឆ្លើយតបទៅវិញថា ជំនួយដែលជាការសុំរបស់សម្ដេច គឺដើម្បីតែផលប្រយោជន៍ជាតិ និងប្រជាជន។

នៅចំពោះមុខឯកអគ្គរដ្ឋទូតប្រទេសជប៉ុនប្រចាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ជំនួយដែលបានមកពីការរបស់សម្ដេចទៅកាន់មិត្តភ័ក្របរទេសនោះ គឺដើម្បីសាងសង់ស្ពាន ផ្លូវ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងប្រទេស មិនមែនយកជំនួយទាំងអស់នោះ មកធ្វើបង្ហើយផ្ទះបាយរបស់សម្ដេចនោះទេ ដូច្នេះត្រូវដឹងឲ្យច្បាស់ពីចំណុចនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «ខ្ញុំត្រូវបានគេតិះតៀនថា ជារដ្ឋាភិបាលពូកែស្មុំ ធ្វើមនុស្សពូកែស្មុំ ខ្ញុំដើរសុំតែមិនខ្ញុំមិនបានសុំយកទៅធ្វើបង្ហើយផ្ទះបាយខ្ញុំទេ។ ខ្ញុំសុំដើម្បីយកមកធ្វើស្ពាន ធ្វើផ្លូវ ធ្វើប្រឡាយទឹក ធ្វើសាលារៀន ធ្វើមន្ទីរពេទ្យ និងធ្វើអ្វីៗផ្សេងទៀតដើម្បីបម្រើប្រជាជនរបស់ខ្ញុំ»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ការរីកចម្រើនរបស់កម្ពុជា ក៏មិនអាចកាត់ផ្ដាច់ចេញពីជំនួយឧបត្ថម្ភពីដៃគូអភិវឌ្ឍន៍ទាំងអស់ និយាយរួម និងនិយាយដោយឡែកពីប្រទេសជប៉ុនតែម្ដង។ ជាក់ស្ដែងសមិទ្ធផលស្ពាន ចំនួន៧កន្លែង នៅខេត្តក្រចេះ និងខេត្តព្រៃវែង ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅពេលនេះ គឺជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA។

សម្ដេចតេជោ ហ៊ុន សែន តាមរយៈឯកអគ្គរដ្ឋទូតជប៉ុន លោក មិកាមិ ម៉ាសាហ៉ីរ៉ូ និងតំណាងអង្គការ JICA សម្ដែងនូវការអរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ថវិកាសម្រាប់ការសាងសង់នូវស្ពានទាំង៧នេះ ដែលរួមមាន នៅខេត្តក្រចេះ ចំនួន៥ និងនៅខេត្តព្រៃវែង ចំនួន២បន្ថែមទៀត។ សម្ដេចថា ស្ពាននេះបានធ្វើឲ្យកម្ពុជាតភ្ជាប់ជាបណ្ដាញ ហេដ្ឋារចនាសម្ព័ន្ធដ៏ល្អមួយ។

ស្ពានទាំង ៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានមានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣,៤២៤ម៉ែត្រ ដែលមានតម្លៃប្រមាណ៣៥លានដុល្លារអាមេរិក។

គួរជម្រាបថា ក្រៅពីជប៉ុនដែលបានផ្ដល់ជំនួយដល់កម្ពុជា ក្នុងការស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសនោះ ប្រទេសចិន ក៏ជាប្រទេសមួយដែលបានផ្ដល់ជំនួយយ៉ាងច្រើនដល់ប្រទេសកម្ពុជាផងដែរ។ បន្ថែមពីនេះ ក៏នៅមានប្រទេស និងដៃគូអភិវឌ្ឍន៍ជាច្រើនជាផងដែរ ដែលតែង និងបន្ដផ្ដល់ជំនួយអភិវឌ្ឍន៍ផ្សេងៗដល់ប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានគូសបញ្ជាក់ដែរថា ការអភិវឌ្ឍរបស់កម្ពុជា ក៏មិនអាចកាត់ផ្ដាច់បានពីការផ្ដល់ជំនួយរបស់បរទេសនោះដែរ ដូច្នេះហើយកម្ពុជា ស្វាគមន៍ជានិច្ចចំពោះការផ្ដល់នូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ក៏ដូចជាជំនួយដោយគ្មានការរើសអើង និងឈរលើគោលការណ៍ស្មោះត្រង់ ស្មើមុខស្មើមាត់៕