(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានថ្លែងថា ក្នុងការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៨ មកទល់នឹងបច្ចុប្បន្ន សម្តេចបានឈរលើមូលដ្ឋានអភិបាលកិច្ចល្អ ការដឹកនាំ គ្រប់គ្រង ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

លើសពីនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អាទិភាពលើការអភិវឌ្ឍស្ថាប័ន ចាប់ពីថ្នាក់កណ្តាលជាជំហានៗទៅដល់សាខា ចាប់ផ្តើមពីការជួសជុលអាគារទីស្នាក់ការកណ្តាល រហូតដល់ការកសាងអគារធ្វើការថ្មីរបស់សាខាមួយចំនួន ការពង្រីកសមាជិកភាព និងការរកមូលនិធិ ដើរទន្ទឹមនឹងការពង្រឹងមូលដ្ឋានច្បាប់ ដោយរៀបចំឲ្យមានលក្ខន្តិកៈសមាគមជាតិទៅតាមនិយាមអន្តរជាតិ អនុម័តនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០០ វិធាននៃនីតិក្រម និងបទប្បញ្ញត្តិហិរញ្ញវត្ដុ រួមជាមួយនឹងសម្រេចបានការទទួលស្គាល់ការប្រើប្រាស់បដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅព្រះរាជាណាចក្រកម្ពុជា តាមរយៈ ព្រះរាជក្រឹត្យេលេខ នស\រកត\០៥០២\១១២ និងព្រះរាជក្រឹត្យស្តីពីការទទួលស្គាល់ ថា កាកបាទក្រមកម្ពុជា គឺជាអ្នកបន្តវេន ពីសមាគមជាតិកាកបាទក្រហមខ្មែរ តាមរយៈព្រះរាជក្រឹត្យ លេខ នស\រកត\០៥០២\១១៣។

គួររម្លឹកថា ក្រោមការដឹកនាំដ៏ឆ្នើម របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺមានសមិទ្ធិផលធំធេងថ្មីៗជាច្រើនជាពិសេស គឺការកសាងផ្ទះជូនអតីតយុទ្ធជន ៦២៨ខ្នង នៅតំបន់ដំណាក់ត្រយឹង ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់ រួមជាមួយនឹងសំណើរបស់ប្រជាពលរដ្ឋនៅទីនោះ បង្កើតជាភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹងផងដែរ។

ជាងនេះទៅទៀត ការបង្កើតឲ្យមានក្រុមការងារឥស្សរជនឆ្នើមថា្នក់ជាតិនៅថ្នាក់សាខាទាំង២៥ រាជធានី-ខេត្ត ដើម្បីពង្រីកកម្លាំងចូលរួមជាចរន្តជាតិក្នុងដំណើរឈានឆ្ពោះការបញ្ចប់បញ្ហាអេដស៍ឆ្នាំ២០៣០ និងលើកកម្ពស់សុខភាព មាតា ទារក និងកុមារ ក្នុងដំណើរសម្រេចបានគោលដៅអភិវឌ្ឍន៍មានចេរភាពឆ្នាំ២០៣០។

ជាពិសេស គឺការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកួវីដ១៩ តាមរយៈសកម្មភាពដូចភ្លៀងរលឹមរបស់កម្លាំងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ចុះតាមខ្នងផ្ទះ ការចុះតាមចំណុចមានការជួបជុំគ្នា ដើម្បីអប់រំផ្សព្វផ្សាយវិធានសុខាភិបាល និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត។

ដើម្បីស្វែងយល់សមិទ្ធិផលការងារនៃបេសកកម្មការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សូមអញ្ជើញទស្សនាកិច្ចសម្ភាសទាំងស្រុង របស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដូចតទៅ៖