(ភ្នំពេញ)៖ លោក ឆេគូ អ៊ូស៊ូម៉ាន (Chekou OUSSOUMAN) តំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានបង្ហាញបំណងរៀបចំព្រឹត្តិការណ៍ បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅរាជធានីភ្នំពេញ នាខែមីនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម សេដ្ឋកិច្ចរវាងប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

លោក ឆេគូ អ៊ូស៊ូម៉ាន បានបង្ហាញបំណងរៀបចំព្រឹត្តិការណ៍បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងពេលជួបពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅរសៀលថ្ងៃពុធ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោក ឆេគូ បានឱ្យដឹងថា ព្រឹត្តិការណ៍បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មនេះ គ្រោងធ្វើឡើងក្នុងគោលបំណងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសប្រើប្រាស់ភាសាបារាំង ដែលជាសមាជិក OIF មកពីទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាមេរិកខាងជើង។ បន្ថែមពីលើនោះ ព្រឹត្តិការណ៍នេះមានបំណងពង្រឹងទំនាក់ទំនងជាប្រវត្តិសាស្រ្ត និងវប្បធម៌របស់ប្រទេសជាសមាជិក OIF ទាំងអស់ ដែលជាកត្តាដ៏សំខាន់ក្នុងបរិការណ៍ពិភពលោកបច្ចុប្បន្នដែលកំពុងប្រឈមនឹងជំងឺរាតត្បាតសកល។

ព្រឹត្តិការណ៍បេសកកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មនេះ គ្រោងនឹងមានការចូលរួមពីប្រតិបត្តិករសេដ្ឋកិច្ចប្រមាណ ៨៥រូប មកពីគ្រប់ទ្វីបទាំងអស់ ដែលនឹងធ្វើដំណើរមកទីក្រុងហាណូយ ប្រទេសវៀតណាម ជាចំណុចចាប់ផ្តើម និងរាជធានីភ្នំពេញ ជាចំណុចបញ្ចប់ នៃដំណើរបេសកកម្មនេះ។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានបង្ហាញនូវការគាំទ្រ ចំពោះការរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មនេះ ព្រមទាំងបានជំរុញ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការចាំបាច់នានាជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ឱ្យទទួលបានជោគជ័យប្រកបដោយផ្លែផ្កា និងជាពិសេសដើម្បីជាឧត្តមប្រយោជន៍សម្រាប់ធុរជន និងវិនិយោគិនរបស់ភាគីទាំងពីរផងដែរ។

សូមបញ្ជាក់ថានៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានតំណាងអង្គការ OIF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងបានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសកម្ពុជា និងអង្គការ OIF រួមជាមួយប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសក្តានុពលពាណិជ្ជកម្មកម្ពុជា និងការត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍ធុរជន និងវិនិយោគិនពីបណ្តាប្រទេសហ្វ្រង់កូហ្វូនី។ បន្ថែមពីនេះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្មក្នុងកែទម្រង់ស្ថាប័ន និងកសាងច្បាប់ និងបទប្បញ្ញត្តិនានា សំដៅធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគ ដែលអនុលោមតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។

លោករដ្ឋមន្ត្រី ក៏បានសំណូមពរ និងជំរុញឱ្យមានការតភ្ជាប់ និងពង្រឹងទំនាក់ទំនងធុរកិច្ចពាណិជ្ជកម្ម និងវិនិយោគវាងកម្ពុជា និងប្រទេសជាសមាជិក OIF លើវិស័យជាសក្តានុពលរបស់កម្ពុជាបន្ថែមទៀតនាពេលអនាគត។

លោក ឆេគូ អ៊ូស៊ូម៉ាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ និងបានកត់សម្គាល់ពីសក្តានុពលរបស់កម្ពុជាក្នុងវិស័យពាណិជ្ជកម្ម ដែលអាចនឹងទាក់ទាញធុរជន និងវិនិយោគិនពីបណ្តាប្រទេសហ្វ្រង់កូហ្វូនី៕