(ភ្នំពេញ)៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃនេះ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានសារភាពថា មានទំនាក់ទំនងស្នេហា ​ជាមួយលោក កឹម សុខា បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមការកោះហៅរបស់តំណាងអយ្យការ ពាក់ព័ន្ធនឹងបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ បានដាក់ពាក្យប្តឹងពីបទបរិហារកេរ្តិ៍ លើម្ចាស់ខ្សែអាត់សំឡេងមួយ ដែលគេសង្ស័យជាការសន្ទនា រវាងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងនារីឈ្មោះ ខុម ចាន់តារ៉ាទី។

ទោះជាយ៉ាងណាបើតាមការបង្ហើបពីមន្រ្តីតុលាការ ចំពោះរឿងនេះ គេនៅមិនទាន់ដឹងថា កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាជនសង្ស័យ ឬជាសាក្សី នៅក្នុងសំណុំរឿងនេះនៅឡើយទេ ដោយសារតែនៅក្នុងសំឡេងខ្សែអាត់ ដែលនាងទើបទទួលស្គាល់ឡើងវិញនោះ នាងគ្រាន់តែសួរបែបប្រច័ណ្ឌ ទៅកាន់តួរអង្គបុរស តែប៉ុណ្ណោះ៕