(ភ្នំពេញ)៖ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​មេសា​ ឆ្នាំ​២០១៦​ បើក​សវនាការ​ជំនុំជម្រះ​សំណុំ​រឿង ​វាយ​តំណាងរាស្ត្រពីររូបមកពីគណបក្សសង្គ្រោះជាតិ​។

សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ ហេង​ សុខណា​ ជា​ចៅក្រម​ជំនុំជម្រះ​ និង​ លោក​ ស៊ិន​ វីរៈ​ ជា​តំណាង​អយ្យការ​។

ជនជាប់ចោទ​ទាំង​៣នាក់​មាន​ឈ្មោះ​ ចាយ​ សារិទ្ធ​ អាយុ​៣២ឆ្នាំ​ ឈ្មោះ​ ម៉ៅ​ ហឿន​ អាយុ​៣៤ឆ្នាំ​ និង​ ឈ្មោះ​ សុត​ វណ្ណ​នី​ អាយុ​៤៥ឆ្នាំ​ ជាប់​ចោទ​ពី​បទ​ហិង្សា ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ និង​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់​ទោស​ តាម​មាត្រា​២១៨​ និង​ មាត្រា​៤១១​នៃ​ក្រម​ព្រហ្មទណ្ឌ​។

ជនរងគ្រោះ​ពីរ​នាក់​មាន​លោក​ គង់ សភា តំណាងរាស្ត្រមណ្ឌលស្វាយរៀង និង លោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម។ ពួកគេ​ទាំងពីរ​នាក់​ពុំបាន​ចូល​ខ្លួន​មក​តុលាការ​ទេ​ តែ​មាន​មេធាវី​តំណាង​។

សូមជំរាបថា កាលពីថ្ងៃទីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បុរស៣នាក់ បានចូលមកសារភាពចំពោះមុខគណៈកម្មការស៊ើបអង្កេត​ក្រសួង​មហាផ្ទៃ ​ករណីបង្ករបួសស្នាមលើអ្នក តំណាងរាស្ត្រ៕