(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារសព របស់មន្រ្តីកងរាជអាវុធហត្ថ ដែលបានទទួល​មរណភាព ដោយសារការបាញ់រះសំណាក់ក្រុមជួញដូរគ្រឿងញៀន ក្នុងពេលចុះប្រតិបត្តិការបង្រ្កាបការដូរគ្រឿងញៀនដ៏ធំ និងកក្រើករាជធានីភ្នំពេញ នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក នាល្ងាចថ្ងៃទី​២៧ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ។

ជាមួយនឹងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវការសោកស្ដាយ និងអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ លោក ទៀង ករុណា ជានាយរងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជ​ធានីភ្នំពេញ ដែលកន្លងមករូបលោក​បានបំពេញតួនាទីការពារ បម្រើសន្តិសុខ សណ្តាប់ធ្នាប់ និងបានធ្វើសកម្មភាព​មនុស្ស​ធម៌​ជាច្រើន ជួយដល់ប្រជាជន ពោរពេញដោយស្នាដៃ និងគុណតម្លៃយ៉ាងធំធេងជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ លោក ទៀង ករុណា បានចាប់បដិសន្ធិ ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា នៅរសៀលថ្ងៃទី២៧ ខែមេសាម្សិលមិញនេះ កម្លាំងសមត្ថកិច្ចជាច្រើននាក់ទាំងអាវុធហត្ថ និងនគរបាលបានចុះ ទៅ​បង្ក្រាបមេក្លោង​ជួញដូរ​គ្រឿងញៀន ស្ថិតនៅផ្ទះលក់សាច់​ជ្រូក តាមផ្លូវលេខ៣៥១ សង្កាត់បឹងកក់​ទី១ ខណ្ឌទួលគោក ដែលក្រុមគ្រឿងញៀន បានលាក់ខ្លួននៅទីនោះ ស្រាប់តែបាញ់មកលើក្រុមសមត្ថកិច្ចជាច្រើនគ្រាប់ បណ្តាលឲ្យត្រូវមន្រ្តីអាវុធហត្ថម្នាក់រហូតស្លាប់ រួចហើយបានបន្តបាញ់រះ​ជាច្រើន​គ្រាប់​រហូតបង្ក្រាបក្រុមជនល្មើស ជាបន្តបន្ទាប់ចំនួន៥នាក់៕