(អង់គ្លេស)៖ ក្រុមហ៊ុន​រថយន្ត Rolls-Royce បាន​ផ្ដល់ការ​គោរព​​ដល់​លោក Ahmad Ibn Majid ដែល​ជា​នាវិក​អារ៉ាប់​ដ៏ល្បីល្បាញ តាមរយៈ​ការ​ផលិត​នូវ​​រថយន្ត​ច្នៃដ៏ពិសេស​​បំផុត ក្នុងចំនួន​កំណត់ ស៊េរី Nautical ដើម្បី​រំឮក​ដល់​ស្នា​ដៃ​របស់​លោក ។

រថយន្ត​ស៊េរីនេះ ត្រូវ​បាន​រចនាផលិតឡើងជាពិសេស​សម្រាប់ តែ​អតិថិជន​​នៃ​ប្រទេស​អារ៉ាប់រួម ហើយឆ្លុះបញ្ចាំង​ពីសារ​សំខាន់ នៃ​ទីផ្សារនៃ​ប្រទេស​នេះ សម្រាប់​ម៉ាកយីហោ​រថយន្ត​ដ៏មហា​ប្រណីត​ តាមរយៈ​ការ​ផ្ដល់​កិត្តិយស ​ដល់​វីរបុរស​នៅក្នុង​តំបន់​នោះតែម្ដង ។

ពាក្យថា Nautical គឺជា​ភាសាឡាតាំង​​ដែល​សម្ដៅដល់ អ្នក​បើកទូក​ក្ដោង ឬនាវិកលើ​សមុទ្រ ហើយ​រថយន្ត​ស៊េរី Nautical នេះ​ត្រូវ​បានផលិតឡើង​ដើម្បីជាការ​គោរព​ដល់​លោក Ahmad Ibn Majid ជានាវិក និង​អ្នក​គូសផែនទី​​  ដ៏ល្បីល្បាញ​របស់​អារ៉ាប់ ។

គួរបញ្ជាក់ថា​ ក្រុមហ៊ុន​Abu Dhabi Motors ដែលជា​ភ្នាក់ងារ​រថយន្តច្នៃ​កុំម្ម៉ង់​​បែប Bespoke របស់​ក្រុមហ៊ុន​ Rolls-Royce ធំជាង​គេ​បំផុត​ក្នុង​លោក បន្ត​​គូស​វាស និង​ផ្ដល់​នូវ​រថយន្ត​ពិសេសៗ ដែល​ត្រូវ​បាន​រចនា​ឡើង​ដោយគិតគូ​រដល់អតិថិជន ​ជា​វរជន​របស់​ខ្លួន ហើយស៊េរី Nautical ក៏ដូច្នោះដែរ ដែល​គិត​គូ​ដល់​វិរបុរស​ជាអ្នករុក​រក​ផ្លូវ​​សម្រាប់​ពិភព​អារ៉ាប់ ៕