(ភ្នំពេញ)​៖​ នៅ​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៦ម្សិលមិញនេះ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក​ ក្នុង​នោះ​យប់​៦​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់​ រង​របួសធ្ងន់២៧​នាក់​ (​ស្រី​១៩​នាក់​)​ និង​របួសស្រាល​៥២​នាក់​ (​ស្រី​៤៨នាក់)​ នេះបើតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។​

ប្រភពព័ត៌មានដដែលបញ្ជាក់ថា​ ​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១៤​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​ ៦​គ្រឿង​,​ រថយន្ត​ធុន​តូច​៦​គ្រឿង​,​​ រថយន្ត​ធុន​ធំ​១​គ្រឿង​ យាន​ផ្សេងៗ​១​គ្រឿង​ មូលហេតុ​ដែល​បណ្តាល​ឲ្យ ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៣​លើក​, ​មិន​ប្រកាន់​ស្តាំ​១​លើក​ (ស្លាប់ម្នាក់​)​, ​ស្រវឹង​១​លើក​​ (​ស្លាប់​២​នាក់​), ​មិន​គោរព​សិទ្ធិ​ ១​លើក​ (​ស្លាប់ម្នាក់​)​,​ ប្រជែង​១​លើក​,​ កត្តា​យានយន្ត​១​លើក​,​ បត់​គ្រោះថ្នាក់​ ១​លើក​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៥៨​នាក់​ (​យប់​៧​នាក់​ )​។

ដោយឡែកសម្រាប់​​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅម្សិលមិញនេះ សមត្ថកិច្ចនគរបាលបានរកឃើញ ​មធ្យោបាយ​ល្មើស​ ៥,៤២១​ គ្រឿង​,​ អប់រំ​ ២,៤៤០​ គ្រឿង​,​ ពិន័យ​ ២,៩៨១​ គ្រឿង​ ៕