(ភ្នំពេញ)៖ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMMR) គ្រោងនឹងរៀបចំឡើងវិញ នៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់បានលើកពេលមួយរយៈ។ នេះបើតាមការបញ្ជាក់របស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

លោក ប្រាក់ សុខុន ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានផ្តល់ព័ត៌មានជូនសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅក្នុងកិច្ចប្រជុំចង្អៀត អំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ។ ការផ្តល់ព័ត៌មាននេះ តបតាមការអញ្ជើញរបស់ លោកស្រី Mona Juul ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) សម្រាប់ខែមករានេះ។

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀតខាងលើ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់យ៉ាងដូច្នេះ៖ «ប្រេសិតពិសេស ប្រាក់ សុខុន ក៏បានជម្រាបជូនក្រុមប្រឹក្សាសន្តិសុខផងដែរ អំពីជំហានបន្ទាប់ ដោយថ្លែងថា ឥឡូវនេះ លោកកំពុងធ្វើការលើការរៀបចំកម្មវិធីសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងនាមជាប្រេសិតពិសេសស្ដីពីមីយ៉ាន់ម៉ា និងអាទិភាពរបស់លោក ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលនឹងត្រូវលើកយកទៅពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាននាពេលខាងមុខនេះ ដែលគ្រោងរៀបចំពីថ្ងៃទី ១៦-១៧ ខែកុម្ភៈ ជាការត្រៀមសម្រាប់ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ពហុភាគីពាក់ព័ន្ធអំពីជំនួយមនុស្សធម៌ ដែលនឹងមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីលេខាធិការដ្ឋានអាស៊ាន (ASEC) និងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) ហើយនឹងប្រមូលនូវវិធីសាស្រ្ត មនុស្សធម៌ជាក់ស្តែងទាំងអស់ពីអ្នកជំនាញ និងទីភ្នាក់ងារមនុស្សធម៌ក្នុងស្រុក តំបន់ និងអន្តរជាតិ ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ឱ្យបានឆាប់រហ័ស»។

សូមជម្រាបថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMMR) ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ២០២២ នៅក្នុងខេត្តសៀមរាប ត្រូវបានលើកពេល។ បើតាមក្រសួងការបរទេស ធ្លាប់បញ្ជាក់ថា ការលើកពេលនេះ ដោយមូលហេតុ រដ្ឋមន្ត្រីការបរទេសអាស៊ានជាច្រើនរូប មានការលំបាកក្នុងការធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំខាងលើ។

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMMR) គឺជាកិច្ចប្រជុំមួយ ក្នុងចំណោមកិច្ចប្រជុំសំខាន់ៗ ចំនួន៤ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២នេះ មុនពេលដែលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៥៥ (55 AMM Retreat and Related Meetings) ដែលធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា, កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) ដែលត្រូវធ្វើឡើងនៅខែវិច្ឆិកា, និងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ (40th & 41th ASEAN Summits) ដែលគ្រោងធ្វើឡើង នៅខែវិច្ឆិកា ដូចគ្នាដែរនោះ៕