(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា លទ្ធភាពនៃការផ្ទុះសង្គ្រាមរវាងប្រទេសរុស្ស៉ី និងប្រទេសអ៊ុយក្រែន ដែលជាដែនដីស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី កាលពីអតីតកាលនោះ មិនអាចផ្ទុះឡើងនោះឡើយ។

នៅចំពោះមុខស្ថានភាពដ៏ក្តៅគគុកនៃវិវាទរវវាងប្រទេសរុស្ស៉ី និងប្រទេសអ៊ុយក្រែន ក៏ដូចជាអង្គការណាតូ (NATO) ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានជំរុញឱ្យរាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នសិក្សាស្រាវជ្រាវមួយរបស់កម្ពុជា រៀបចំនូវវេទិកាតុមូលមួយស្តីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៉ី»

វេទិកាដែលរៀបចំឡើងនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ មានការចូលរួមពីវាគ្មិនជំនាញ៤រូប រួមមាន៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត សួស យ៉ារ៉ា សមាជិកសភាកម្ពុជា និងអ្នកកាសែតចាស់វស្សាពីររូបទៀត គឺលោក ប៉ែន បូណា និងលោក ពុយ គា។

វាគ្មិនអ្នកជំនាញប្រវត្តិសាស្ត្រ និងភូមិសាស្ត្រទាំង៤រូប បានរួមគ្នាលើកបង្ហាញនូវទិដ្ឋភាពនានាពាក់ព័ន្ធនឹងជម្លោះរវាងប្រទេសរុស្ស៉ី និងអ៊ុយក្រែន ការអន្តរាគមន៍របស់អង្គការណាតូ និងបានពិនិត្យមើលលទ្ធភាពនៃការឈានទៅកើតសង្គ្រាមរវាងប្រទេសរុស្ស៉ី និងប្រទេសអ៊ុយក្រែនផងដែរ។

លោក ប៉ែន បូណា បានហៅការប្រឈមរវាងប្រទេសរុស្ស៉ី និងអង្គការណាូត លើរឿងរបស់អ៊ុយក្រែននាពេលនេះ គឺផ្តើមចេញពីការកំណត់ «បន្ទាត់ក្រហម»។ «បន្ទាត់ក្រហម» ដែលលោក ប៉ែន បូណា សំដៅដល់នេះ គឺទី១ ប្រទេសរុស្ស៉ី បានគូស «បន្ទាត់ក្រហម» មិនឱ្យអ៊ុយក្រែន ក្លាយជាសមាជិករបស់អង្គការណាតូ ហើយអង្គការណាតូ ក៏បានគូស «បន្ទាត់ក្រហម» មួយដែរ គឺមិនអនុញ្ញាតឱ្យរុស្ស៉ី លើកទ័ពឈ្លានពានប្រទេសអ៊ុយក្រែនបាននោះឡើយ។

លោក ប៉ែន បូណា បានបញ្ជាក់ដូច្នេះ «ឥឡូវនេះ ការប្រឈមដាក់គ្នារវាងអង្គការណាតូ និងសហព័ន្ធរុស្ស៉ី វានៅក្នុងបន្ទាត់ក្រហមពីរហ្នឹង»

អ្នកសារព័ត៌មានរូបនេះ បានមើលឃើញថា អង្គការណាតូ បានមើលឃើញថា ណាតូ ដែលជាគូបដិបក្ខ ឬជាគូសត្រូវរបស់រុស្ស៉ី បានលូកដៃកាន់តែកៀកប្រទេសរុស្ស៉ី ដោយបានប្រមូលយកប្រទេសមួយចំនួនទៀត ដែលជាអតីតដែនដីគ្រប់គ្រងដោយសហភាពសូវៀត ទៅធ្វើជាសមាជិក ដែលជាហេតុនាំឱ្យរុស្ស៉ី បារម្ភខ្លាំងដល់សន្តិសុខជាតិខ្លួន ហើយត្រូវប្រឹងប្រែងទប់ស្កាត់វាតទីរបស់ណាតូ។

«រុស្ស៉ី គាត់យល់ថា សន្តិសុខជាតិរបស់គាត់ទទួលការគំរាមកំហែង អ៊ីចឹងហើយរុស្ស៉ី គាត់ត្រូវតែកំណត់។ ចុងក្រោយនេះណាតូ ក៏កំពុងតែទាញយកអ៊ុយក្រែន ដែលជាប់នឹងរបងផ្ទះរុស្ស៉ី មកជាសមាជិករបស់ខ្លួន។ អ៊ីចឹងបន្ទាត់ក្រហម ដែលរុស្ស៉ី ត្រូវគូសនាពេលនេះ គឺណាតូ មិនអាចយកអ៊ុយក្រែនធ្វើជាសមាជិករបស់ខ្លួនទេ ពីព្រោះអ៊ុយក្រែន គឺជាដែនទ្រនាប់ការពារសន្តិសុខជាតិរបស់រុស្ស៉ី»។ នេះជាការបញ្ជាក់របស់លោក ប៉ែន បូណា។

ក្នុងនាមជាអ្នកបញ្ញាវន្តបញ្ចប់ការសិក្សានៅប្រទេសរុស្ស៉ី លោកបណ្ឌិតសភាចារ្យ សុខ ទូច ហាក់បានជ្រូតជ្រាបយ៉ាងច្បាស់ចំពោះបញ្ហារបស់រុស្ស៉ី ជាមួយអ៊ុយក្រែន។ លោក សុខ ទូច បានមើលឃើញថា ប្រតិកម្មរបស់រុស្ស៉ី ជាមួយអ៊ុយក្រែននាពេលនេះ ដើម្បីទប់មិនឱ្យអ៊ុយក្រែនចូលទៅអង្គការណាតូ ដែលជាការគំរាមកំហែងធំសម្រាប់សន្តិសុខជាតិរបស់រុស្ស៉ី។

លោក សុខ ទូច បានបញ្ជាក់បែបនេះ «រុស្ស៉ី មិនឱ្យទៅទេ បើទៅចូលណាតូ មានន័យថាម៉េច? មានន័យថា ខែលមីស៊ីលមកដល់អ៊ុយក្រែន។ បើខែលមីស៊ីល មកដល់អ៊ុយក្រែន ពីដើមនៅត្រឹមអ៉ីតាលី នៅត្រឹមតួកគី សហភាពសូវៀតនៅរសើប ចុះទម្រាំមកដល់អ៊ុយក្រែន មានន័យថាម៉េច?»

លោក សុខ ទូច ហាក់មានសុទិដ្ឋិនិយមខ្ពស់ចំពោះសមត្ថភាពលើសព្វាវុធ និងវិស័យយោធារបស់រុស្ស៉ី។ សម្រាប់លោក សុខ ទូច ប្រសិនបើមានការផ្ទុះសង្គ្រាមមែន គឺណាតូ មិនអាចយកឈ្នះរុស្ស៉ីនោះឡើយ ព្រោះថា បច្ចេកវិទ្យាផ្នែកសព្វាវុធរបស់រុស្ស៉ី គឺទំនើបខ្លាំង។

តែទោះជាយ៉ាងណា លោក សុខ ទូច ជឿជាក់ថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន មិនអាចកើតឡើងនោះឡើយ។ លោក សុខ ទូច បានបញ្ជាក់ដូច្នេះ «សង្គ្រាមនៅអ៊ុយក្រែន មិនអាចកើតមានទេ ព្រោះអាមេរិក និងអឺរ៉ុប ដឹងច្បាស់ណាស់មួយចំអិនកំពឹស។ អ្នកដែលរងគ្រោះ គឺអ៊ុយក្រែន»

លោក ប៉ែន បូណា ក៏បានមើលឃើញដែរថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន មិនអាចកើតឡើងឡើយ ដោយលោកបានមើលឃើញពីកិច្ចប្រឹងប្រែងជាច្រើន ដើម្បីបន្ថយកម្តៅនៅរវាងរុស្ស៉ី និងអ៊ុយក្រែន។

លោក ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះ «យើងឃើញថា មានកិច្ចប្រឹងប្រែងដោះស្រាយបញ្ហា ច្បាស់ណាស់ថា ទោះបីមានភាពតានតឹងក៏ដោយ តែខ្ញុំជឿថាភាគីទាំងអស់គាត់មិនចង់ធ្វើសង្គ្រាមទេ ដោយសារតែគាត់យល់ថា សង្គ្រាមនេះវានឹងធ្វើឱ្យមានការខាតបង់ទាំងអស់គ្នា»