(កំពង់ចាម)៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងក្រើនរំលឹកដល់មន្ត្រីសុខាភិបាលខេត្ត សូមបន្តបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវ។

លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល រដ្ឋបាលខេត្តកំពង់ចាម បានថ្លែងថា រយៈពេល ២ឆ្នាំចុងក្រោយ ប្រទេសកម្ពុជាយើងក៏ដូចជាសកលលោកទាំងមូល បានធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩ ធ្វើឲ្យប៉ះពាល់ដល់ អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ប៉ុន្តែក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ទល់នឹងនឹងជំងឺនេះ រហូតមកដល់បច្ចុប្បន្នស្ថានភាព ជំងឺកូវីដ១៩ បានធូរស្រាល ប្រទេសយើង ត្រូវបានបើកដំណើរការឡើងវិញ ដោយស្ថិតនៅក្នុងការប្រុងប្រយ័ត្នជាប្រចាំ អនុវត្តនូវវិធានការ «៣កុំ និង៣ការពារ»។

ដោយឡែក នៅក្នុងខេត្តកំពង់ចាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងកងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីបុគ្គលិកសុខាភិបាលទាំងអស់ បានខិតខំលះបង់អស់កម្លាំងកាយចិត្ត និងស្មារតីដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ធ្វើឲ្យស្ថានភាព មានភាពធូរស្រាលឡើងវិញគួរជាទីមោទន:។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឲ្យដឹងដែរថា កន្លងទៅដោយសារតែការងារមមាញឹកពេក ការបម្រើសេវារបស់គ្រូពេទ្យ ធ្លាប់មានបញ្ហាខ្លះ ក្នុងការប្រើសម្ដីមិនបានសមរម្យជាមួយអ្នកជំងឺ ដែលធ្វើឲ្យប៉ះពាល់ដល់ អារម្មណ៍អ្នកជំងឺ និងក្រុមគ្រួសារ ហើយប្រការនោះត្រូវបានកែប្រែ និងមានការផ្លាស់ប្ដូរឥរិយាបថច្រើន រហូតមកដល់បច្ចុប្បន្ននេះ នៅមានតិចតួចតែប៉ុណ្ណោះ។ ប៉ុន្តែបើកទោះជាយ៉ាងនេះក្តី សូមឲ្យមន្ត្រីសុខាភិបាលរបស់យើង ខិតខំបន្តកែប្រែបន្ថែមទៀត ជៀសវាងមានការថ្នាំងថ្នាក់ចិត្តពីប្រជាពលរដ្ឋ ដែលគាត់កំពុងមានបញ្ហាសុខភាព ហើយរត់មករកជំនួយពីក្រុមគ្រូពេទ្យ។

ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត បានសម្ដែងការកោតសរសើរ និងអរគុណជាអនេក នូវកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ដែលកន្លងមកនេះ ទទួលបាន គុណសម្បត្តិទាំងអស់គ្នា ដែលបានសហការគ្នា បម្រើសេវាប្រកបដោយវិជ្ជាជីវៈផ្ទាល់ជាមួយប្រជាពលរដ្ឋ ធ្វើឱ្យយើងទទួលបាននូវស្ថានការណ៍បានល្អប្រសើរ នៃជំងឺកូវីដ១៩ ដូចថ្ងៃនេះ៕