(ភ្នំពេញ)៖ ក្នុងឱកាសដែលប្រជាជនវៀតណាម ត្រៀមប្រារព្ធពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ បានដឹកនាំប្រតិភូទៅជូនពរលោកវរសេនីយ៍ឯក ង្វៀន ថាញ់ជីញ ប្រធានការិយាល័យអនុព័ន្ធយោធាអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានសម្តែងនូវការជូនពរឆ្នាំថ្មីចំពោះ អនុព័ន្ធយោធា និងសហការី ព្រមទាំងក្រុមគ្រួសារសូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា សុភមង្គល និងសម្រេចបានជោគជ័យក្នុងភារកិច្ចដែលបក្ស រដ្ឋាភិបាលប្រគល់ឲ្យ ពិសេសសូមឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-វៀតណាម មានភាពរីកចម្រើន និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត។

លោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ បានថ្លែងអំណរគុណដល់មិត្តវៀតណាម ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ន តែងបានជួយដល់កម្ពុជាទាំងស្មារតី សម្ភារ ថវិកា ជាពិសេសការជួយហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ ជាពិសេសដល់កងពលតូចលេខ៧០កន្លងមក។

ក្នុងកិច្ចឆ្លើយតប លោកវរសេនីយ៍ឯកង្វៀន ថាញ់ជីញ ប្រធានការិយាល័យអនុព័ន្ធយោធាអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានសម្តែងនូវការអរគុណចំពោះមនោសញ្ជេតនារបស់លោកឧត្តមសេនីយ៍មេបញ្ជាការកងពល និងសហការី ដែលបានផ្ដល់កិត្តិយសអញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម នាឱកាសនេះ ដោយបានគូសបញ្ជាក់ថា នេះជាសក្ខីភាពដែលឆ្លុះបញ្ចាំងឲ្យឃើញនូវចំណងសាមគ្គីភាព មិត្តភាពយូរអង្វែង រវាងប្រទេសទាំងពីរ៕