(ភ្នំពេញ)៖ ខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា មានខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ត្រូវបានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) លើកទឹកចិត្តរៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្ត ទាំងឆ្នេរនៅលើដីគោក និងឆ្នេរនៅលើដីកោះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីចូលរួមក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២។

បញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាអគ្គលេខាធិការរង គ.អ.ឆ.ក. និងជាប្រធានក្រុមការងារទទួលបន្ទុកតាមដាន និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្តស្អាត បានឱ្យដឹងថា ការជំរុញលើកទឹកចិត្តនេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយតាមរយៈប្រព័ន្ធថ្នាលបច្ចេកវិទ្យា Zoom Meeting ស្តីពីការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២។ សិក្ខាសាលានេះដែរត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា សហការជាមួយរដ្ឋបាលខេត្តជាប់ឆ្នេរសមុទ្រទាំង៤ ក្នុងនោះគឺមានចំនួន៤លើក ដោយលើកទី១៖ វេលាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ជាមួយរដ្ឋបាលខេត្តព្រះសីហនុ លើកទី២៖ វេលារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ជាមួយរដ្ឋបាលខេត្តកោះកុង លើកទី៣៖ វេលាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ជាមួយរដ្ឋបាលខេត្តកំពត និងលើកទី៤៖ វេលារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

ក្នុងអង្គសិក្ខាសាលាខាងលើនោះ លោកអនុរដ្ឋលេខាធិការ នី ផល្លី បានជម្រាបជូនថា បន្ទាប់ពីអាក់ខានក្នុងការរៀបចំនូវចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតសម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារការីរាលដាលនៃជំងឹកូវីដ១៩ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបើកប្រទេសឡើងវិញនូវគ្រប់វិស័យ ក៏ដូចជាដើម្បីគាំទ្រនិងលើកទឹកចិត្តដល់ការរៀបចំគោលដៅឆ្នេរខ្សាច់កម្សាន្តឲ្យបានស្អាត ស្របតាមស្តង់ដាបច្ចេកទេសធានាដល់ការទទួលភ្ញៀវទេសចរប្រកបដោយសុវត្ថិភាព និងផ្តល់ទំនុកចិត្តក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ត្រូវបានដាក់ឱ្យដំណើរការឡើងវិញសម្រាប់ឆ្នាំ២០២២នេះ។

ក្នុងឱកាសនោះដែរ លោកអនុរដ្ឋលេខាធិការបានជម្រាបជូនថា នៅអំឡុងខែធ្នូ ឆ្នាំ២០២២ កម្ពុជានឹងទទួលរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅខេត្តព្រះសីហនុ និងខេត្តកោះកុង ភ្ជាប់ជាមួយនឹងពិធីបុណ្យសមុទ្រ។

ក្នុងន័យនេះ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានលើកទឹកចិត្តដល់រដ្ឋបាលខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យខិតខំរៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្តទាំងឆ្នេរនៅលើដីគោក និងឆ្នេរនៅលើដីកោះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងជ្រើសរើសត្រៀមដាក់បញ្ចូលឆ្នេរបេក្ខភាពឲ្យបានច្រើនក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២នេះ ដោយចាប់ផ្តើមរៀបចំនិងកែលម្អឆ្នេរខ្សាច់ទាំងនោះឱ្យស្របតាមសូចនាករដែលមានចែងនៅក្នុងគោលការណ៍ណែនាំស្តីការគ្រប់ឆ្នេរខ្សាច់កម្សាន្ត ដើម្បីឆ្ពោះទៅទទួលបានជ័យលាភីនាពេលខាងមុខផង និងជាឱកាសដ៏ល្អដើម្បីបង្ហាញដល់ប្រទេសជាសមាជិកក្លឹបឆ្នេរនូវគំរូពិសេសនៃការរៀបចំស្តង់ដាឆ្នេរខ្សាច់កម្សាន្តស្អាតរបស់កម្ពុជា។

អង្គសិក្ខាសាលាបានដាក់ការណែនាំថា ដោយឈរលើស្មារតីទទួលខុសត្រូវរួមគ្នាក្នុងកិច្ចអភិវឌ្ឍឆ្នេរប្រកបដោយចីរភាព និងដើម្បីចូលរួមទប់ស្កាត់ការីករាលដាលនៃជំងឺឆ្លងនានានៅតាមរមណីយដ្ឋានឆ្នេរ រដ្ឋបាលខេត្តត្រូវធានាបានថាគោលដៅទេសចរណ៍ឆ្នេរខ្សាច់កម្សាន្តទាំងអស់នៅក្នុងខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរមកសម្រាកកម្សាន្ត សូចនាករគោលស្តីពីវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់រមណីយដ្ឋានទេសចរណ៍ ត្រូវបានគាំទ្រនិងស្នើជាសូចនាករថ្មីបន្ថែមសម្រាប់ដាក់បញ្ចូលនៅក្នុងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត។

សូមជម្រាបជូនថា ក្នុងឆ្នាំ២០២១ តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលភ្ញៀវទេសចរជាតិសរុបប្រមាណ២,០៥០,៨៦៥នាក់ ថយចុះ ២៨.៦% ធៀបនឹងឆ្នាំ២០២០ ខណៈខេត្តព្រះសីហនុទទួលភ្ញៀវទេសចរជាតិសរុបប្រមាណ១,១១៤,៣៨៣នាក់ កើនឡើង ៤០.៤% ធៀបនឹងឆ្នាំ២០២០ដូចគ្នា៕