(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមេសានេះ បានសម្តែងនូវក្តីអំណរគុណ ចំពោះក្រុមហ៊ុនឯកជន ពាណិជ្ជករ ក្រុមអ្នកស្ម័គ្រចិត្ត អង្គការ សមាគម យុវជន សិស្សនិស្សិត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ច កាកបាទក្រហមកម្ពុជា និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមចំណែកជួយផ្តល់ទឹក ដល់ពលរដ្ឋរងគ្រោះ ដែលកំពុងត្រូវការទឹកទទួលទាន។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះជាយុទ្ធនាការដែលមិនធ្លាប់មានពីមុនមក ព្រោះរលកកំដៅ និងការរាំងស្ងួតរយៈពេលវែង បាននាំមកនូវផលលំបាកបែបនេះ មិនថាតែប្រទេសយើងមួយនោះទេ គឺប្រទេសក្នុងតំបន់ទាំងមូល។ យុទ្ធនាការនេះត្រូវការរយៈពេលវែង ហើយវិសាលភាពកាន់តែធំ ព្រោះបឹង ស្រះ ត្រពាំង អណ្តូង កាន់តែអស់ទឹក និងរីងស្ងួត តម្រូវឱ្យយើងបង្កើនការផ្គត់ផ្គង់កាន់តែច្រើន និងកាន់តែធំទូលាយថែមទៀត។

សម្តេចតេជោ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ជួយផ្តល់ព័ត៌មាន និងរាយការណ៍ ជូនអាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើមានបងប្អូននៅទីកន្លែងណា ជាពិសេស ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការកំពុងជួបបញ្ហាខ្វះទឹកទទួលទាន៕