(ភ្នំពេញ)៖ ក្រោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ មានជំនួបពិភាក្សាការងារព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដឹកនាំដោយលោកស្រីឧត្ដមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងលោក ឆាវ៉ាលុត តុងឈីវ (Chavalut tongchiaw) ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀន អមស្ថានទូតថៃប្រចាំនៅកម្ពុជា ដោយមានការអញ្ជេីញចូលរួមពីនាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា។

លោកឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានឲ្យដឹងក្រោយជំនួបនោះថា ក្នុងនាមថ្នាក់ដឹកនាំស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងពីរ ប្រធានប្រតិភូកម្ពុជា-ថៃ បានសម្តែងនូវការស្វាគមន៍ទៅវិញទៅមក ដោយបានបង្ហាញពីស្មារតីកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសលេីការបង្ការទប់ស្កាត់បទល្មេីសគ្រឿងញៀនឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ និងការងារព្យាបាលស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកញៀនគ្រឿងញៀននៅកម្ពុជា។

លោកឧត្តមសេនីយ៍ទោ លឹម តុងហួត បានបន្ថែមថា ប្រធានប្រតិភូកម្ពុជា-ថៃ បានជជែកពិភាក្សាពីគម្រោងការផ្លាស់ប្តូរបទពិសោធន៍របស់យុវជនមកពីប្រទេសទាំង៦ នៃមហាអនុតំបន់ទន្លេមេគង្គមានកម្ពុជា ថៃ ចិន ឡាវ វៀតណាម មុីយ៉ាន់ម៉ា លេីការធ្វេីទស្សនកិច្ច តំបន់ប្រឈមនឹងបញ្ហាគ្រឿងញៀនពីប្រទេសចិន ថៃ ឡាវ ដោយប្រេីមធ្យោយធ្វេីដំណេីរ តាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដែលគ្រោងធ្វេីខែកក្កដា ឆ្នាំ២០២២ខាងមុខ។

ក្នុងនោះ ក៏បានជជែកពិភាក្សាផងដែរពីការជួយដល់មជ្ឈមណ្ឌលជាតិព្យាបាល ស្តារនីតិសម្បទា ដល់អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលេីសហគមន៍ នៅខេត្តព្រះសីហនុ៕