(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ប្រទេសទីម័រខាងកើត ជួយទិញអង្ករពីប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ាង សុផល្លែត ជំួយការផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន។

សំណើនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យ លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ។

លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា សម្តេចតេជោ បានស្នើសុំដល់ប្រទេសទីម័រ ពិនិត្យចាប់ផ្តើមកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ក្នុងការចាប់ផ្តើមបញ្ជាទិញអង្ករកម្ពុជា។ ក្នុងករណីការទិញអង្ករពីកម្ពុជានេះ សម្តេចតេជោ បានមានប្រសាសន៍ថា អ្នកវិនិយោគរបស់ទីម័រខាងកើត អាចមកវិនិយោគខាងផ្នែកម៉ាស៊ីនស្រូវ ទាំងខាងឃ្លាំងស្តុកស្រូវ ទាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការនាំចេញ ដើម្បីស្ថិរភាពក្នុងការផ្គត់ផ្គង់អង្ករទៅប្រទេសទីម័រខាងកើត។

សម្តេចបានស្នើសុំឱ្យប្រទេសទីម័រខាងកើត ពិចារណាលើការផ្តួចផ្តើមឱ្យមានកិច្ចសហប្រតិបត្តិការត្បូងៗ ជាពិសេសពិនិត្យឱ្យមានកិច្ចព្រមព្រៀងគាំពាអ្នកវិនិយោគរវាងប្រទេសទាំងពីរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នារវាងប ្រទេសទាំងពីរផងដែរ។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ កន្លងទៅនេះ កម្ពុជាទទួលបានចំណូលពីការនាំចេញអង្ករបានជាង ៥២៧លានដុល្លារ ដោយបាននាំចេញចំនួន ៦១៧ ០៦៩តោន ថយចុះចំនួន ៧៣ ៧៦០តោន ឬស្មើនឹង១០.៦៨% បើធៀបនឹងបរិមាណនាំចេញ ក្នុងឆ្នាំ២០២០ ចំនួន ៦៩០ ៨២៩តោន។

ទោះជាយ៉ាងនេះក្តី អ្នកជំនាញបានអះអាងថា សម្រាប់វិស័យស្រូវអង្កររបស់កម្ពុជា ក្នុងឆ្នាំ២០២២នេះ ហាក់បង្ហាញសញ្ញាវិជ្ជមានច្រើនជាងបញ្ហាប្រឈម ដោយសហព័ន្ធស្រូវអង្ករ បានដាក់ផែនការនាំចេញយ៉ាងហោចណាស់ពី ៧៥ម៉ឺនទៅ៨០ម៉ឺនតោន ខណៈឆ្នាំ២០២១នេះ ដោយវិបត្តិកូវីដ១៩ បានធ្វើឱ្យនាំចេញអង្ករថយចុះប្រមាណជាង១០%៕