(ភ្នំពេញ)៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ឱសថព្យាបាលជំងឺកូវីដ១៩ ចំនួន ២៣១កេស ទម្ងន់ ១១២៥គីឡូក្រាម ដល់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលជាការរួមចំណែកជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះដែរ នៅទីស្តីការក្រសួងសុខាភិបាល លោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានប្រគល់ឱសថព្យាបាលជំងឺកូវីដ១៩ទាំងអស់នេះ ជូនឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ហើយលោកឧបនាយករដ្ឋមន្ត្រីបានបន្តប្រគល់ជូន លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដើម្បីចាត់ចែងព្យាបាលអ្នកកើតជំងឺកូវីដ-១៩ ជាពិសេសក្នុងពេលដែលមានមេរោគបន្លែងថ្មីអូមីក្រុងនេះ។

ក្នុងឱកាសនោះ លោក Wang Wentian តំណាងឱ្យប្រទេសចិន បានថ្លែងថា ក្នុងនាមជាមិត្តដែកថែបជាមួយប្រទេសកម្ពុជា គឺភាគីចិនបានធ្វើជាបង្អែកក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់កម្ពុជា ក៏ដូចជាផ្តល់ជំនួយជាច្រើនទៀតដល់កម្ពុជាផងដែរ។

លោកបន្តថា ឥឡូវនេះភាគីចិន ក៏កំពុងធ្វើការយ៉ាងជិតស្និតជាមួយកម្ពុជា ដើម្បីពិភាក្សាអំពីការបញ្ជូនក្រុមវេជ្ជសាស្ត្របុរាណចិនព្យាបាលជំងឺកូវីដ១៩ មកប្រទេសកម្ពុជា ដើម្បីជួយព្យាបាលជំងឺកូវីដ នៅក្នុងប្រទេសនេះ ហើយប្រចាំការនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ តាមរយៈនេះ លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នឹងកាន់តែរីកចម្រើនថែមទៀត។

ស្របពេលជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងរំលឹកថា ទោះបីជាមានការរាតត្បាតជំងឺកូវីដ១៩ ដោយមានការណែនាំពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានក្រសួងសុខាភិបាលជាសេនាធិការ កម្ពុជាបានទប់ស្កាត់ការរាតត្បាតនូវជំងឺកូវីដ១៩ ព្រមទាំងការចាក់វ៉ាក់សាំងការពារជំងឺនេះ បានចំនួន ៨៩,៦៦ភាគរយ (គិតត្រឹមពេលនេះ)។ លោកបានរំលឹកដែរថា ជោគជ័យនៃការទប់ស្កាត់កូវីដ១៩ នៅកម្ពុជាក៏មានការរួមចំណែករបស់ចិន នូវវ៉ាក់សាំងជាច្រើនលានដូសមកកម្ពុជា ព្រមទាំងបរិក្ខារទំនើបៗជាច្រើនទៀត។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្តល់ឱសថព្យាបាលកូវីដ១៩ ជាង១តោន ដល់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលលោកបានប្រគល់ជូន លោក ម៉ម ប៊ុនហេង សម្រាប់ព្យាបាលជំងឺកូវីដ១៩ ទូទាំងប្រទេស។ មុនបញ្ចប់ លោកបានកោតសរសើរដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកពេទ្យទាំងអស់ ដែលបានចូលរួមចំណែកព្យាបាលកូវីដ១៩ បានជោគជ័យពេញលេញ។

រីឯ លោក ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សម្រាប់ការផ្តល់ឱសថព្យាបាលកូវីដ១៩ នៅពេលនេះ។ លោកបានចាត់ទុកថា ការផ្តល់ឱសថព្យាបាលកូវីដ១៩ ជាង ១តោននេះ គឺជាផ្នែកមួយនៃការបញ្ជាក់ពីការប្តេជ្ញារបស់ចិន ក្នុងការជួយកម្ពុជា ដើម្បីរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវ៕