(ភ្នំពេញ)៖ លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានចេញមកបញ្ជាក់ជាថ្មីថា អនុក្រឹត្យស្តីពីច្រកទ្វារអ៉ីនធឺណិតជាតិ មិនមែនជាឧបករណ៍ប្រើសម្រាប់ចាប់ទិន្នន័យពីអ្នកប្រើប្រាស់អ៉ីនធឺណិត ឬរឹតត្បិតសេរីភាពលើបណ្តាញអ៉ីនធឺណិតនោះឡើយ។

ការចេញមកបញ្ជាក់ជាថ្មីរបស់លោក ជា វ៉ាន់ដេត បានធ្វើឡើងបន្ទាប់ពីក្រុមអង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលមួយចំនួន បានបង្ហាញការព្រួយបារម្ភលើសេរីភាពនៃការបញ្ចេញមតិ និងសន្តិសុខលើការប្រើប្រាស់បណ្តាញអ៉ីនធឺណិត បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីច្រកទ្វារអ៉ីនធឺណិតកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងអនុក្រឹត្យនេះ បានបញ្ជាក់ច្បាស់ពីគោលបំណង គឺដើម្បីសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្តាញអ៉ីនធឺណិត ពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការកៀរគរចំណូលជាតិ ការការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណីជាតិ។

បើទោះបីជាមានការបញ្ជាក់ច្បាស់ពីវត្ថុបំណងបែបនេះក្តី ក៏មានមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល នៅតែមានទស្សនៈអវិជ្ជមានលើអនុក្រឹត្យនេះ ហើយនៅតែបង្ហាញការព្រួយបារម្ភថា អនុក្រឹត្យនេះជាឧបករណ៍រឹតត្បិតសេរីភាពបញ្ចេញមតិរបស់ពួកគេលើបណ្តាញអ៉ីនធឺណិត និងដាមដានទិន្នន័យរបស់ពួកគេជាដើម។

ឆ្លើយតបនឹងកង្វល់ ក៏ដូចជាការចោទប្រកាន់នេះ លោកបណ្ឌិត ជា វ៉ាន់ដេត បានផ្តល់បទសម្ភាសន៍ខ្លីមួយជាមួយបណ្តាញព័ត៌មាន Fresh News ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

Fresh News: តើអ្វីទៅជាច្រកទ្វារអ៊ីនធឺណិតជាតិ?

លោកបណ្ឌិត ជា វ៉ាន់ដេត៖ ខ្ញុំសូមជម្រាបថា កន្លងមកមានការបកស្រាយខុសជាច្រើនអំពីគោលបំណងបង្កើតច្រកទ្វារអ៉ីនធឺណិតជាតិនេះ ហើយក្រសួងបានបកស្រាយជាបន្តបន្ទាប់។ ម្សិលមិញនេះ ខ្ញុំបានស្តាប់អំពីសន្និសីទថ្នាក់ជាតិស្តីពីសិទ្ធិឌីជីថល និងសេរីភាពតាមប្រព័ន្ធអ៉ីនធឺណិត ដែលរៀបចំឡើងដោយអង្គការមួយចំនួន ហើយដែលមានការបកស្រាយផ្សេងៗទៅតាមសារព័ត៌មាន។ ដូច្នេះឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូន បកស្រាយម្តងទៀត ដើម្បីជូនសាធារណជនឱ្យបានជ្រាបអំពីអ្វីទៅជាច្រកទ្វារអ៉ីនធឺណិតជាតិ? ហើយគោលបំណងពិតប្រាកដនៃការបង្កើតច្រកទ្វារនេះ។ ច្រកទ្វារអ៉ីនធឺណិតជាតិនេះ បង្កើតឡើងដើម្បីសម្របសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្តាញអ៉ីនធឺណិតក្នុងប្រទេស និងក្រៅប្រទេស និងមានធាតុពីរសំខាន់ គឺច្រកទ្វារអ៉ីនធឺណិតក្នុងប្រទេស សម្រាប់ផ្លាស់ប្តូរទិន្នន័យអ៉ីនធឺណិតក្នុងប្រទេស។ ចំណែកឯច្រកទ្វារអ៉ីនធឺណិតអន្តរជាតិ សម្រាប់ផ្លាស់ប្តូរទិន្នន័យអ៉ីនធឺណិតនៅក្នុង និងក្រៅប្រទេស។

ច្រកទ្វារអ៉ីនធឺណិតនេះ ត្រូវបានបង្កើតឡើងស្ទើរគ្រប់ប្រទេសទាំងអស់ មិនមែនមានតែការគ្រោងរៀបចំបង្កើតនៅកម្ពុជាប៉ុណ្ណោះទេ។ មូលហេតុដែលប្រទេសទាំងអស់គេបង្កើតច្រកទ្វារអន្តរជាតិនេះ គឺដើម្បីសម្រួលលំហូរ និងគ្រប់គ្រងលំហូរចរាចរណ៍នៃអ៉ីនធឺណិតនៅក្នុងប្រទេស និងក្រៅប្រទេស។ ច្រកទ្វារអ៉ីនធឺណិតជាតិ នឹងត្រូវបង្កើតឡើងជាច្រើនកន្លែងនៅប្រទេសកម្ពុជា គឺមាននៅក្រុងព្រះសីហនុ នៅក្រុងប៉ោយប៉ែត នៅក្រុងបាវិត ហើយច្រកទ្វារធំមួយទៀតនោះ គឺនៅរាជធានីភ្នំពេញ និងនៅពេលអនាគត គឺយើងអាចគិតពិចារណាបើកច្រកផ្សេងៗទៀតតាមតម្រូវការចាំបាច់។ ច្រកទ្វារនេះ គឺត្រូវបានប្រតិបត្តិការដោយប្រតិបត្តិករច្រកទ្វារអ៉ីនធឺណិតជាតិទាំងឡាយ ដែលបានទទួលអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា ដែលជាអាជ្ញាធរមានសមត្ថកិច្ចក្នុងការផ្តល់អាជ្ញាបណ្ណ ដែលផ្ទុយទាំងស្រុងនឹងអ្វីដែលលើកឡើង និងភ័ន្តច្រឡំដោយអង្គការ NGOs មួយចំនួនដែលថា ជាច្រកទ្វារតែមួយគត់នោះ គឺជាការមិនពិតទេ។ សូមកែប្រែ និងសូមកុំយល់ច្រឡំបន្តទៅទៀត។

Fresh News: តើដំណើរការនៃការរៀបចំអនុក្រឹត្យស្ដីពីច្រកទ្វារអ៊ីនធឺណិតជាតិ ប្រព្រឹត្តទៅយ៉ាងដូចម្ដេច?

លោកបណ្ឌិត ជា វ៉ាន់ដេត៖ ពាក់ព័ន្ធដំណើរការនៃការរៀបចំអនុក្រឹត្យនេះ ខ្ញុំសូមជម្រាបជូនថា អនុក្រឹត្យស្តីពីច្រកទ្វារអ៉ីនធឺណិតជាតិនេះ គឺរៀបចំឡើងស្របតាមការកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។ បន្ទាប់ពីទទួលបានការណែនាំនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីមក ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានចាត់តាំងឱ្យក្រុមការងារធ្វើការសិក្សាស្វែងយល់ពីបណ្តាប្រទេសជាច្រើនអំពីការរៀបចំបង្កើតច្រកទ្វារអ៉ីនធឺណិតជាតិនេះ ហើយបើតាមខ្ញុំចាំមានប្រហាក់ប្រហែល៣០ប្រទេស ដែលយើងយកមកពិចារណា ពិនិត្យមើលថា តើត្រូវរៀបចំយ៉ាងដូចម្តេច? ហើយបន្ទាប់មកយើងក៏បានតាក់តែងជាសេចក្តីព្រាងដំបូង ដើម្បីយកមកដាក់នៅក្នុងអង្គប្រជុំអន្តរក្រសួងចំនួនពីរលើក ហើយក៏បានដាក់ចូលក្នុងអង្គប្រជុំជាមួយប្រតិបត្តិករទូរគមនាគមន៍ចំនួនពីរលើក ដែលដឹកនាំដោយរូបខ្ញុំផ្ទាល់។ បន្ថែមលើនេះទៀត ក្រុមការងារជំនាញក៏បានជួបជាមួយនឹងប្រតិបត្តិករជាទ្វេភាគី ដែលបានចូលរួម បានផ្តល់ធាតុចូល និងបានសួរជាសំណួរមួយចំនួន។ ការពិគ្រោះយោបល់ទ្វេភាគីបានធ្វើជាមួយប្រតិបត្តិករជាច្រើន ជាមួយប្រតិបត្តិករទូរស័ព្ទ ជាមួយប្រតិបត្តិករ ISP ។ ក្នុងពេលដែលយើងបានបញ្ចប់នូវការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធអស់ហើយ យើងក៏បានជួបពិភាក្សាជាមួយក្រសួងយុត្តិធម៌ចំនួន៤លើកថែមទៀត ហើយក៏ជួបជាមួយក្រុមប្រឹក្សាអ្នកច្បាប់ ជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម វប្បធម៌ ចំនួនពីរលើកថែមទៀត ដើម្បីធ្វើម៉េចឱ្យអនុក្រឹត្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ នេះជាអ្វីដែលក្រសួងបានធ្វើ។ ដូច្នេះអនុក្រឹត្យស្តីពីច្រកទ្វារអ៉ីនធឺណិតជាតិនេះ គឺជាអនុក្រឹត្យសម្តៅដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដែលមានការពាក់ព័ន្ធតែជាមួយនឹងប្រតិបត្តិករទូរគមនាគមន៍ក្នុងការតភ្ជាប់បណ្តាញអ៉ីនធឺណិតនៅក្នុងប្រទេស និងអន្តរជាតិ ដោយមិនមានបទបញ្ញត្តិណាមួយនៅក្នុងអនុក្រឹត្យនេះចែងពីការយកទិន្នន័យរបស់អ្នកប្រើប្រាស់ និងការរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិឡើយ។ ដូច្នេះសូមពិនិត្យមើលអនុក្រឹត្យឱ្យបានច្បាស់ថា តើខ្លឹមសារបានសង្កត់ធ្ងន់ទៅលើចំណុចណាខ្លះ។

Fresh News: តើអ្វីទៅជាគោលបំណងនៃការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ?

លោកបណ្ឌិត ជា វ៉ាន់ដេត៖ គោលបំណងនៃការបង្កើតច្រកទ្វារអ៉ីនធឺណិតជាតិនេះ គឺទី១៖ ការពារផលប្រយោជន៍ជាតិតាមរយៈការបង្កើតប្រសិទ្ធភាពនៃការប្រមូលចំណូលជាតិ ដែលបានធ្លុះធ្លាយដោយក្រុមហ៊ុនមួយចំនួន ដែលបានគេចវេសនៅក្នុងការបង់ពន្ធជូនរដ្ឋ និងទប់ស្កាត់ការលួចតភ្ជាប់បណ្តាញឆ្លងដែនខុសច្បាប់ ដែលបច្ចុប្បន្នរាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដើម្បីត្រួតពិនិត្យកាត់ផ្តាច់បណ្តាញតភ្ជាប់ខុសច្បាប់នៅគ្រប់តំបន់តាមបណ្តោយព្រំដែនទាំងអស់ ន ិងជំរុញការតភ្ជាប់បណ្តាញឆ្លងកាត់ព្រំដែនដោយស្របច្បាប់ និងស្របតាមស្តង់ដារបច្ចេកទេស។ ការពារអ្នកប្រើប្រាស់តាមរយៈការចូលរួមទប់ស្កាត់ល្បែងស៊ីសងអនឡាញខុសច្បាប់ ការគំរាមកំហែងតាមអ៉ីនធឺណិត ការរំលោភបំពានលើកុមារ ព្រមទាំងបទល្មើសឆបោក និងឧក្រឹដ្ឋកម្មតាមប្រព័ន្ធអនឡាញ។

ដូច្នេះខ្ញុំយល់ឃើញថា គ្មានហេតុផលអ្វីដែលសង្គមស៊ីវិលមួយចំនួនត្រូវធ្វើការតវ៉ាប្រឆាំងផលប្រយោជន៍របស់ជាតិទេ ហើយកន្លងមកនេះ យើងក៏បានចាត់វិធានការជាបន្តបន្ទាប់ចំពោះវេបសាយទាំងឡាយណា ដែលប្រព្រឹត្តខុស ដែលរំលោភបំពានទៅលើផលប្រយោជន៍របស់ប្រទេសយើងផងដែរ។ ក្រសួងមិនមែនធ្វើការងារដើម្បីប្រាសចាកពីអ្វីដែលជាផលប្រយោជន៍របស់ជាតិនោះទេ។

ចំណុចមួយទៀត ជាចំណុចសំខាន់ដែរ គឺការពង្រឹងប្រសិទ្ធភាព និងស្ថេរភាពនៃការតភ្ជាប់បណ្តាញអ៉ីនធឺណិត នៅក្នុង និងក្រៅប្រទេស ដើម្បីចូលរួមធានាដល់អ្នកប្រើប្រាស់ក្នុងការទទួលបាននូវសេវាគមនាគមន៍ប្រកបដោយគុណភាព បញ្ចៀសនូវហានិភ័យនៃការវាយលុកខាងផ្នែកសន្តិសុខ ដែលបច្ចុប្បន្ននេះ គឺជាការព្រួយបារម្ភមួយយ៉ាងខ្លាំងចំពោះការដែលគេលួចចូល (Hack) ក្នុងប្រព័ន្ធរបស់យើង។ ដូច្នេះបើយើងមានច្រកនេះ គឺយើងមានការការពារមួយជាន់ទៀត។

ចុងក្រោយគឺការពារប្រយោជន៍ស្របច្បាប់របស់ប្រតិបត្តិករ ដែលធានាការអនុវត្តន៍គោលការណ៍ប្រកួតប្រជែងស្មើភាព ស្មោះត្រង់ និងតម្លាភាពរវាងរដ្ឋ និងប្រតិបត្តិករ។ គោលបំណងនៃការបង្កើតអនុក្រឹត្យនេះ គឺផ្ទុយពីអ្វីដែលបានលើកឡើងដោយអង្គការសង្គមស៊ីវិលមួយចំនួន ព្រោះថាអនុក្រឹត្យនេះមិនមានបទបញ្ញត្តិណាមួយ ដែលចែងពីការចាប់ទិន្នន័យពីអ្នកប្រើប្រាស់ និងការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិយោបល់ឡើយ។ ទន្ទឹមនឹងនេះ ក្រសួងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការការពារទិន្នន័យឯកជន និងច្បាប់ស្តីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហើយច្បាប់ ឬក៏លិខិតបទដ្ឋានថា ដែលពាក់ព័ន្ធជាមួយនឹងតួអង្គណា ក្រសួងនឹងអញ្ជើញមកធ្វើការពិគ្រោះយោបល់ដូចជាច្បាប់ពីរនេះ ក្រសួងអាចគិតពិចារណាអញ្ជើញអង្គការ NGOs ដែលមានលក្ខណៈស្ថាបនា ដើម្បីចូលមកពិគ្រោះយោបល់ក្នុងការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះ ហើយសម្តៅចង់ធ្វើយ៉ាងម៉េចឱ្យខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះកាន់តែបានល្អប្រសើរឡើង៕