(កណ្តាល)៖ ក្លឹបរាត្រី និងជាផាប់ ផឹកស៊ីយីហោ «សន្យា» ស្ថិតតាមបណ្តោយផ្លូវលេខ21A ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅចុះមកព្រមាន និងធ្វើកិច្ចសន្យាជាលើកទី២ ក្រោយពលរដ្ឋប្ដឹងជាហូរហែរជុំវិញការរំខានសម្លេងតន្រ្តីខ្លាំងៗ ដល់ពាក់កណ្ដាលរាត្រី ដែលប៉ះពាល់ដល់អ្នកជិតខាង។

នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នគរបាលក្រុងតាខ្មៅ គោរពតាមបញ្ជាពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះទៅព្រមាន និងធ្វើកិច្ចសន្យាជាលើកទី២ ក្រោយពលរដ្ឋប្ដឹងជាហូរហែរ ពិសេសក្លឹបកម្សាន្ដនេះមិនបានតាមវិធានការ «៣ការពារ និង៣កុំ» ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានថ្លែងថា បន្ទាប់ពីទទួលបញ្ជាពីថ្នាក់លើមក លោកបានដឹកនាំកម្លាំងចុះទៅសម្របសម្រួល ណែនាំដល់មេការហាង ព្រមទាំងបានធ្វើកិច្ចសន្យាជាលើកទី២ផងដែរ។

ក្នុងលិខិតកិច្ចសន្យានេះ គេឃើញ លោក សុខ សម្បត្តិ ដែលជាមេការគ្រប់គ្រងទូទៅ ហាង «សន្យា» ក៏បានផ្តិតមេដៃលើកិច្ចសន្យារួចរាល់ហើយដែរ៕