(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ កាលពីម្សិលមិញ បានឃាត់ខ្លួន លោក រឹម សំអ៊ុន នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលដំដែក ខណ្ឌរដ្ឋបាលជលសៀមរាប ពាក់ព័ន្ធនឹងអំពើពុករលួយជាង៣សែនដុល្លារ។ នេះបើតាមសេចក្តីប្រកាសរបស់ ACU នៅល្ងាចថ្ងៃទី២៧ ខែមេសានេះ។

លោក រឹម សំអ៊ុន  ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននៅថ្ងៃទី២៦ ខែមេសា ហើយបានបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប​ នៅវេលាម៉ោង២៖០០នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។

តាមសេចក្តីប្រកាសរបស់ ACU បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញថា ឈ្មោះ រឹម សំអ៊ុន បានប្រព្រឹត្តអំពើពុករលួយ «បទវីតិក្រម» មាត្រា៥៩៧ នៃក្រមព្រហ្មទណ្ឌ ដោយបានទាមទារ និងទទួលប្រាក់ប្រមាណ១.៤៦០លានរៀល (ប្រហែល៣៦៥.០០០ដុល្លារអាមេរិក) ពីប្រជានេសាទ និងបទល្មើសជលផល ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕