(សៀមរាប)៖ លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ បានអញ្ជើញចូលរួមជាអធិបតី ក្នុងការបើកកម្មវិធីប្រឡងជ្រើសរើសមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន២០នាក់ ក្នុងចំណោម៣៦នាក់ ដើម្បីទទួលការបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងនិងបកស្រាយព័ត៌មាន នៅក្នុងរមណីយដ្ឋាន បេតិកភណ្ឌពិភពលោក រយៈពេល៩ថ្ងៃ នៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន ដែលនឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។

ទាក់ទងនឹងការប្រឡងជ្រើសរើសនៅថ្ងៃនេះដែរ ក៏មានសមាសភាពគណៈកម្មការចូលរួមមក ពីអាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ ហើយបេក្ខជនទាំងអស់ត្រូវប្រឡងសំណេរ និងសំណួរផ្ទាល់មាត់រយៈពេលមួយថ្ងៃពេញ។ ចំពោះបេក្ខជនទាំង២០រូប ដែលនឹងប្រឡងជាប់ នឹងមានឱកាសចុះកម្មសិក្សារយៈពេល៩ថ្ងៃនៅម៉ាកាវ ដោយមិនបាច់បង់ថ្លៃសំបុត្រយន្តហោះ ការហូបចុក និងការស្នាក់នៅ ដើម្បីសិក្សាអំពីវប្បធម៌គ្នាទៅវិញទៅមក និងចែករំលែកបទពិសោធន៍មគ្គុទ្ទេសក៍ទេសចរណ៍ នៅម៉ាកាវ និងនៅកម្ពុជា។ លើសពីនោះក៏មានការរៀបចំ ដំណើរទស្សនកិច្ចសិក្សាផ្ទាល់ នៅតំបន់ទេសចរណ៍ពិភពលោកមួយចំនួន នៅម៉ាកាវ ដើម្បីឱ្យបេក្ខជនទាំងអស់បានរៀនសូត្របន្ថែម ពីបច្ចេកទេសពាក់ព័ន្ធនឹងសេវាកម្ម មគ្គុទ្ទេសក៍ទេសចរណ៍។

លោក សុខ សង្វារ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះកើតឡើងដោយយោងទៅលើ MOU រវាងអាជ្ញាធរជាតិអប្សរា និងអង្គការទេសចរណ៍ពិភពលោក ដែលមានដៃគូច្រើននៅលើឆាកអន្តរជាតិ ហើយអង្គការនេះ ក៏បានចាប់ដៃគូជាមួយប្រទេសចិន ដើម្បីបណ្តុះបណ្តាលជំនាញមគ្គុទ្ទេសក៍ ទេសចរណ៍ជូនអាជ្ញាធរជាតិអប្សរាផងដែរ។ ថ្វីត្បិតតែរយៈពេលទៅសិក្សានេះខ្លី តែវាជាឱកាសមួយសម្រាប់បេក្ខជនទាំងអស់ ក្រេបយកចំណេះដឹងពីប្រទេសគេ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន បន្ថែមលើអ្វីដែលខ្លួនមានសព្វថ្ងៃ ហើយវាក៏ជាចំណែកមួយក្នុងការ ជួយផ្សព្វផ្សាយពីបទពិសោធន៍របស់ខ្លួនក្នុង ប្រទេសទៅកាន់បរទេសវិញផងដែរ។

លោកបញ្ជាក់បន្ថែមដែរថា តំបន់អង្គរ ជាតំបន់ទេសចរណ៍ជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ដែលភ្ញៀវទេសចរចង់ទៅមកលេងសប្បាយ ដូច្នេះហើយដើម្បីឱ្យភ្ញៀវទេសចរទាំងអស់ ទទួលបានព័ត៌មានជាក់លាក់ ពីតំបន់ទេសចរណ៍ យើងត្រូវមានមគ្គុទ្ទេសក៍ ដែលមានបទពិសោធន៍ល្អ មានចំណេះដឹងល្អ និងមានជំនាញក្នុងផ្តលព័ត៌មានជួនភ្ញៀវ។ ក្នុងនាមអាជ្ញាធរជាតិអប្សរា ដែលគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ យើងនឹងធានាសេវាទេសចរណ៍ឱ្យប្រសើរ តាមរយៈការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ ឱ្យមានសមត្ថភាព បទពិសោធន៍ ចំណេះដឹងដើម្បីផ្តល់ព័ត៌មានល្អជូនភ្ញៀវ ធ្វើឱ្យភ្ញៀវសប្បាយចិត្តចង់មកទស្សនាទៀត ដែលបានទាញផលចំណេញសម្រាប់អាជ្ញាធរជាតិអប្សរាផង និងប្រទេសកម្ពុជាផង៕