(កំពង់ឆ្នាំង)៖ ដើម្បីឆ្លើយតបនូវតម្រូវការចាំបាច់ ប្រើប្រាស់ទឹកខណៈប្រជាពលរដ្ឋ កំពុងជួបប្រទះគ្រោះរាំងស្ងួត និងមានការចង្អុលបង្ហាញ និងណែនាំពីរដ្ឋមន្ត្រីក្រសួងធនធានទឹក លោក លឹម គានហោ មន្ទីរធនធាន និងឧត្តនិយមខេត្តកពង់ឆ្នាំង ដឹកនាំដោយលោក ដោក ប៊ុនថុន បានដឹកនាំក្រុមការងារ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ នាំយកគ្រឿងចក្រដើម្បីធ្វើការស្តារស្រះ នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ដែលមានប្រជាជនប្រមាណជាង២០០គ្រួសារ កំពុងតែប្រឈមមុខ ខ្វះខាតទឹកប្រើប្រាស់។

លោក ដោក ប៊ុនថុន បានដឹកនាំក្រុមការងារចុះស្វែងរកប្រភពទឹក និងជីកអណ្តូង ដោយស្ថានភាពបច្ចុប្បន្នកំពុងជួបគ្រោះរាំងស្ងួត បឹង បួរ ព្រែក ស្ទឹង ទន្លេរីងរាក់ បញ្ហារាំងស្ងួតប្រឈមចំពោះមុខ បានកំពុងគំរាមកំហែងធ្វើ ឲ្យប្រជាពលរដ្ឋខ្វះទឹកសម្រាប់ប្រើប្រាស់ ជាពិសេសសូម្បីទឹកសម្រាប់បរិភោគ តំបន់មួយចំនួនរងនូវការខ្វះខាតយ៉ាងខ្លាំង។

ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ឆ្នាំង បានចុះបំផុសប្រជាពលរដ្ឋក្នុងឃុំចំនួន៦ ក្នុងចំនួន៩ឃុំនៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ស្វែងរកជីកប្រភពទឹក។ ក្រុមការងារ រួមនិងអាជ្ញាធរមូលដ្ឋាន បានសហការយ៉ាងស្អិតរមួតដោយចុះ រកប្រភពទឹកជីកអណ្តូង រួមនិងបូមទឹកដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតធំ ចេញពីទន្លេសាបបញ្ចូលទៅក្នុងព្រែក បឹង ក្នុងឃុំកំពង់ហៅ នៅក្នុងនោះក្រុមការងារបានរកប្រភពទឹក ឃើញមួយកន្លែងទៀតនៅចំណុចអណ្តូងពោធិ៍តានន ។

ដោយឡែកឃុំផ្សេងៗទៀត មានដូចជា ឃុំត្រងិល រកឃើញប្រភពទឹក នៅទួលលាភ ដោយជីកអណ្តូងបានចំនួន៨ ហើយនាពេលនេះ ឃុំពោធិ៍រកឃើញប្រភពទឹកនៅជើងភ្នំសំរ៉ង ដោយជីកអណ្តូងបានចំនួន៤ ឃុំច្រណូក រកប្រភពទឹកឃើញនៅខាងកើតសាលាឃុំ ឃុំដាររកប្រភពណទឹកឃើញ នៅបាតអាងទំនប់ភគ្គិនេស ឃុំស្វាយរំពាររកប្រភពទឹកឃើញចំនួន៤កន្លែងមាននៅអូរហោះ ទំនប់អូរតាប៊ុន បឹងខ្នាយ និងត្រពាំងម៉ី ការរកប្រភពទឹកឃើញចំនួន១០កន្លែង និងជីកអណ្តូងសរុបចំនួន ២០អណ្តូង ។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា លោកនឹងបន្តវិធានការបំផុស ឲ្យប្រជាពលរដ្ឋចូលរួមស្វែងរកប្រភពទឹក និងចេះរក្សាទឹកទុក ប្រកបដោយអនាម័យ សម្រាប់ប្រើប្រាស់ឆ្លងកាត់ការខ្វះខាតដ៏លំបាកនេះ៕