(ភ្នំពេញ)៖ ពិព័រណ៍អប់រំកម្រិតឧត្តមសិក្សាខេត្តគួយចូវ នៃប្រទេសចិន ត្រូវបានរៀបចំឡើងនៅវិទ្យាស្ថាន​ខុងជឺ នៃរាជបណ្ឌិត្យ​សភាកម្ពុជា ក្រោមកិច្ចសហការ​រៀបចំរវាង​វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យ​សភាកម្ពុជា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងអគ្គលេខាធិការ​ដ្ឋានព្រឹទ្ធសភា ដែលមានសាកលវិទ្យាល័យចំនួន២២ របស់ខេត្តគួយចូវ បានមកធ្វើការដាក់តាំង​បង្ហាញនូវ​សេវាកម្ម​អប់រំរបស់ខ្លួន។

នេះជាលើកទីបីហើយ ដែលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងវិទ្យាស្ថានខុងជឺនៃរាជ្យ​បណ្ឌិត្យសភាកម្ពុជា បានសហការគ្នាក្នុងការរៀប​ចំពិព័រណ៍​អប់រំកម្រិត​ឧត្តមសិក្សា នៃប្រទេសចិន នៅក្នុងប្រទេស​កម្ពុជាយើង ក្នុងគោលបំណងចង់ឱ្យនិស្សិត​របស់យើង​សិក្សាស្វែង​យល់ពីសេវា​កម្មអប់រំ​កម្រិតឧត្តមសិក្សា​នៃប្រទេសចិន ព្រមទាំងមានឱកាស​ទទួលបាននូវអាហាររូបករណ៍​ទៅបន្តការសិក្សា​នៅប្រទេស​ចិន ជាពិសេសបង្កើននូវ​កិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នាដើម្បីចែករំលែក​បទពិសោធន៍​លើវិស័យបណ្តុះ​បណ្តាលធន​ធានមនុស្ស។

ស្ថិតក្នុងជំនួបរវាងគណៈគ្រប់​គ្រងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងគណៈប្រតិភូសាកលវិទ្យា​ល័យនៃខេត្ត    គួយចូវ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅបន្ទប់ប្រជុំ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប លោក Yang Yong អនុប្រធានមន្ទីរអប់រំ​ខេត្តគួយចូវ បានកោតសរសើរ និងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាមួយវិទ្យាស្ថានខុងជឺ​នៃរាជបណ្ឌិត្យ​សភាកម្ពុជា​ ក្នុងការរៀបចំពិព័រណ៍​អប់រំកម្រិតឧត្តម​សិក្សាខេត្ត​គួយចូវនេះ​ទទួលបានជោគជ័យ ហើយក្នុងនាមលោក​តំណាងឱ្យលោកប្រធាន​មន្ទីរអប់រំខេត្តគួយចូវ សូមគោរពអញ្ជើញ​​អាស៊ី អឺរ៉ុប ចូលរួមក្នុងកម្មវិធី​តាំងពិព័រណ៍អប់រំ អាស៊ាន-ចិន នៅខេត្តគួយចូវនា​ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។

ស្ថិតក្នុងឱកាសនោះ ក្រោយពីបានធ្វើបទបង្ហាញពីប្រវត្តិ​នៃការបណ្តុះបណ្តាល​របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដូចជាទីតាំងអគារសិក្សា កម្រិតនៃការបណ្តុះ​បណ្តាល ឯកទេស ដៃគូសហការ និង​សកម្មភាពមួយចំនួន​ទៀត​​ ដែលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាននឹងកំពុងអនុវត្តន៍រួចមក លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បានថ្លែងអំណរគុណ​ដល់​សាកលវិទ្យាល័យនានា​នៃខេត្តគួយចូវ ដែលបានជឿជាក់​លើប្រព័ន្ធអប់រំរបស់​សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាពិសេសអរគុណដល់​លោកប្រធាន-អនុប្រធាន​មន្ទីរអប់រំខេត្ត និងរដ្ឋាភិបាលចិន ដែលបាន​ផ្តល់ឱកាសដល់​សាកលវិទ្យា​ល័យ អាស៊ី អឺរ៉ុប បានចុះកិច្ចសហប្រតិបត្តិការជា​មួយសាកលវិទ្យា​ល័យល្បីៗ នៃខេត្តគួយចូវ ដូចជាសាកលវិទ្យាល័យ​ខេត្តគួយចូវ សាកលវិទ្យាល័យ Kaili សាកល​វិទ្យាល័យ​គរុកោសល្យ​ខេត្តគួយចូវ សាកលវិទ្យាល័យអប់រំខេត្តគួយចូវ សាកលវិទ្យាល័យគុកោសល្យកាំងណាន វិទ្យាស្ថានបច្ចេកវិទ្យាគួយចូវ និងសាកលវិទ្យាល័យវិទ្យាសាស្រ្តវិស្វ កម្ម ដែលសា​កល​វិទ្យាល័យ​ទាំងប្រាំពីរនេះ​ នឹងបន្ថែមចំនួននិស្សិត​របស់សាកលវិទ្យា​ល័យ អាស៊ី អឺរ៉ុប បានទៅរៀននៅប្រទេសចិន​បានកាន់តែច្រើន​ថែមទៀត​នៅឆ្នាំក្រោយ។

គួរបញ្ជាក់ផងដែលថាបច្ចុប្បន្ន​សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាននឹងកំពុងបណ្តុះបណ្តាលលើវិស័យអប់រំ​គ្រប់កម្រិត​ចាប់ពីថ្នាក់​បរិញ្ញាបត្ររង ថ្នាក់ឆ្នាំសិក្សា​មូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ហើយចុងឆ្នាំ២០១៦ខាងមុខនេះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងបញ្ចូននិស្សិត ដែលកំពុងសិក្សាលើឯកទេស​អក្សរសាស្រ្តចិន ទៅបន្តការសិក្សានៅតាមបណ្តាល​សាកលវិទ្យាល័យ​ដៃគូរនានានៅប្រទេស​ចិន ក្រោមកិច្ចសហប្រតិបត្តិការលើការផ្លាស់​ប្តូរក្រេឌីតគ្នាទៅវិញទៅមក៕