(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានពន្យល់ពីផែនយុទ្ធសាស្ត្រ និងការដាក់ឱ្យអនុវត្តនូវកម្មវិធីសំខាន់ៗមួយចំនួន ដែលធ្វើឱ្យការប្រមូលពន្ធនៅក្នុងឆ្នាំ២០២១ ទទួលបានទឹកប្រាក់ ២ ៧៨១លានដុល្លារ លើសផែនការកំណត់រហូតជាង២៤% ស្មើនឹង៥៣៨លានដុល្លារ។

ការបញ្ជាក់របស់លោក គង់ វិបុល ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២១ និងលើកទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោករដ្ឋមន្ត្រី គង់ វិបុល បានបញ្ជាក់ថា លទ្ធផលជាទីមោទនៈនៃចំណូលពន្ធដារ ឆ្នាំ២០២១ គឺមិនអាចកាត់ផ្តាច់ចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសការគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ បានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ តាមរយៈការចាត់វិធានការជាយុទ្ធសាស្ត្រក្នុងការចាក់វ៉ាក់សាំង ជូនប្រជាជនកម្ពុជាប្រកបដោយស្មារតីបុរេសកម្ម និងទាន់ពេលវេលា ដែលអាចកសាងភាពស៊ាំ ក្នុងសហគមន៍ទៅនឹងជំងឺរាតត្បាតនេះ ហើយឈានទៅបើកប្រទេសជាតិឱ្យដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ហើយបាននិងកំពុងអនុវត្តការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុបរិបទនៃជំងឺកូវីដ-១៩។

បន្ថែមពីនេះ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើការគ្រប់គ្រងប្រមូលចំណូលពន្ធ ដោយតែងតែដឹកនាំចង្អុលបង្ហាញប្រកបដោយភាពឈ្លាសវៃ និងការដាក់ផែនការយ៉ាងមុតស្រួច លើការអនុវត្តកំណែទម្រង់សំខាន់ៗ និងវិធានការជាយុទ្ធសាស្ត្រនាពេលកន្លងមក ដែលបានជំរុញនិងលើកកម្ពស់អនុលោមភាពសារពើពន្ធ និងធានាបាននូវការប្រកួតប្រជែងដោយស្មើភាពក្នុងចំណោមមជ្ឈដ្ឋានវិនិយោគ។

លោក គង់ វិបុល បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តការងារ និងទទួលបានលទ្ធផលសំខាន់ៗដូចជា៖

* បានរៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលតាមអនឡាញ (ToI E-Filling) ដែលមានលក្ខណៈពេញលេញ ជួយសម្រួល និងផ្តល់លទ្ធភាពឱ្យអ្នកជាប់ពន្ធដាក់លិខិត ប្រកាសតាមអនឡាញបានយ៉ាងរលូន ចំណេញពេលវេលា មានតម្លាភាពខ្ពស់ ព្រមទាំងពង្រឹងប្រសិទ្ធភាព ក្នុងការប្រមូល ចំណូលពន្ធ ជាពិសេសក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩

* បានរៀបចំ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបញ្ជូនឯកសារអេឡិចត្រូនិក ដើម្បីទទួលពាក្យស្នើសុំ លិខិតរដ្ឋបាល និងឯកសារនានា ដោយអ្នកជាប់ពន្ធគ្រាន់តែស្គែន និងបញ្ជូន ឯកសារតាមអនឡាញ ដើម្បីកាត់បន្ថយហានិភ័យ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាជម្រើសបន្ថែម ជួយសម្រួលដល់អ្នកជាប់ពន្ធដែលមិនមានលទ្ធភាព ឬជួបប្រទះបញ្ហាក្នុងការដាក់លិខិតប្រកាស ពន្ធតាមប្រព័ន្ធអនឡាញ

* បានរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវកម្មវិធីសម្រាប់ប្រកាស និងបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ (ពន្ធផ្លូវប្រចាំឆ្នាំ) តាមអនឡាញ ដែលផ្ដល់ភាពងាយស្រួល ជូនអ្នកជាប់ពន្ធក្នុងការពិនិត្យព័ត៌មានអចលនទ្រព្យ និងចលនទ្រព្យរបស់ខ្លួន ព្រមទាំងបង់ពន្ធតាមទូរស័ព្ទដៃតែម្ដង ដោយពុំចាំ បាច់ ទៅបង់នៅតាមទីតាំងរដ្ឋបាលសារពើពន្ធ ឬធនាគារនោះទេ គឺគ្រាន់តែដំឡើងនិងប្រើប្រាស់កម្មវិធី GDT Taxpayer App

* បានសម្រេចអនុញ្ញាតឱ្យចុះបញ្ជីពន្ធដាររួមទាំងតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) និងនៅបញ្ជរផ្ដល់សេវារបស់អគ្គនាយកដ្ឋានពន្ធដារចំនួន ៩ ០៤៥ សហគ្រាស និងបានធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាសចំនួន ៧ ៩៨៩ករណី ព្រមទាំងបានផ្ដល់សេវាពិគ្រោះយោបល់តាមរយៈមជ្ឈមណ្ឌលឆ្លើយតបតាមទូរស័ព្ទ (Call center 1277) និងមធ្យោបាយផ្សេងៗទៀតសរុបចំនួន ១២៦ ៥៦៩ករណី

* បានរៀបចំ និងដាក់ឱ្យអនុវត្តនូវយន្តការដំឡើងឧបករណ៍វាស់ចំណុះ (Flowmeter) ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់សហគ្រាសផលិតក្នុងស្រុក ដែលជាការពង្រឹងអនុលោមភាព និងតម្លាភាពក្នុងការបង់ពន្ធក្នុងវិស័យនេះ

* បានបង្កើត និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្នើសុំលិខិតបញ្ជាក់ និងវិញ្ញាបនបត្រពន្ធដារនានាតាមអនទ្បាញ ដោយពុំចាំបាច់មកកាន់ទីតាំងអគ្គនាយកដ្ឋានពន្ធដារផ្ទាល់ មានជាអាទិ៍ វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ, លិខិតបញ្ជាក់ការកាន់បញ្ជិកាគណនេយ្យត្រឹមត្រូវ, លិខិតអនុញ្ញាតអត្រាសូន្យលើអាករលើតម្លៃបន្ថែម និងលិខិតអនុញ្ញាតលើកលែងពន្ធលើប្រាក់ចំណូលជាដើម

* បានរៀបចំបទប្បញ្ញត្តិ និងដាក់ឱ្យអនុវត្តនូវយន្តការអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ដែលជាវិស័យកំពុង រីកលូតលាស់ខ្លាំង និងមានសក្ដានុពលចំណូលពន្ធខ្ពស់

* បានបន្តទំនើបកម្មអភិវឌ្ឍន៍ និងបច្ចុប្បន្នភាពប្រព័ន្ធ-កម្មវិធីសម្រាប់ផ្តល់សេវាអ្នកជាប់ពន្ធ ដោយបានរៀបចំប្រព័ន្ធ-កម្មវិធីថ្មីសរុបចំនួន០៨ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ-កម្មវិធី ចំនួន ៤៣ ជាអាទិ៍រួមមានប្រព័ន្ធ-កម្មវិធីសំខាន់ៗ ដូចជា ប្រព័ន្ធបញ្ជូនឯកសារអេឡិចត្រូនិក, ប្រព័ន្ធគ្រប់គ្រងទិន្នន័យ ឧបករណ៍វាស់ ចំណុះស្រាបៀរ និងភេសជ្ជៈ គ្មាន ជាតិសុរា, កម្មវិធី GDT Taxpayer App, ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ ប្រព័ន្ធគ្រប់គ្រងការស្នើសុំលិខិតបញ្ជាក់ និងវិញ្ញាបនបត្រពន្ធដារ, ប្រព័ន្ធគាំទ្រការបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ, ប្រព័ន្ធគ្រប់គ្រង សវនកម្ម អាករ លើតម្លៃបន្ថែម, ប្រព័ន្ធគ្រប់គ្រង របាយការណ៍ ពន្ធដារ, ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទៀងផ្ទាត់ការបង់ពន្ធ (Auto Payment Verification System), កម្មវិធីផ្ទៀងផ្ទាត់ព័ត៌មាន និងប្រគល់ឯកសារពន្ធដារ (GDT Document Delivery App), និងកម្មវិធីដឹកជញ្ជូនរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT Delivery App) ជាដើម។

* បានចូលរួមរៀបចំ និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងផ្នែកពន្ធដារ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍វិបត្តិ, ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងនិងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩

* បានរួមចំណែកអនុវត្តដោយជោគជ័យ និងប្រសិទ្ធភាពសម្រាប់ផែនការឆ្នាំ២០២១ ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ និងកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។

លោក គង់ វិបុល បានបន្ថែមថា សម្រាប់ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញនូវវិធានការសំខាន់ៗ និងជាយុទ្ធសាស្ត្រសំខាន់ៗ ដូចខាងក្រោម៖

* បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានា ដូចមានកំណត់ក្នុងយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣

* បន្តការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីសារពើពន្ធថ្មី ដោយចាប់ផ្ដើមបើកការពិភាក្សាកម្រិតក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំមានភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ ក្រឡា ព្រមទាំងឆ្លើយតបនឹងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ធានាភាពច្បាស់លាស់ ប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព នីត្យានុកូលភាព និងសង្គតិភាពនៃការគ្រប់គ្រង ប្រមូលចំណូលពន្ធ

* រៀបចំយន្តការ ដើម្បីគ្រប់គ្រងចំណូលក្នុងវិស័យធំៗ ដែលជាសក្តានុពលសម្រាប់ចំណូលពន្ធ រួមមាន៖ បន្តពង្រឹងការអនុវត្តកាតព្វកិច្ចដំឡើងឧបករណ៍វាស់ ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុលរបស់សហគ្រាសផលិតក្នុងស្រុក, ពង្រឹងកិច្ចសហការជាមួយ មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវា ទូរគមនាគមន៍ និងព័ត៌មានវិទ្យា, រៀបចំយន្តការកំណត់អត្តសញ្ញាណអចលនទ្រព្យ ដើម្បីបញ្ជាក់ថា អចលនទ្រព្យនីមួយៗបានបង់ពន្ធរួចរាល់ ចៀសវាងការលក់ដូរអចលនទ្រព្យដោយមិនបានបង់ពន្ធ, រៀបចំធ្វើទំនើបកម្មយន្តការត្រួតពិនិត្យតាមដានការដឹកជញ្ជូនផលិតផលតេលសិលា និងគ្រឿងសំណង់ តាមរយៈការដំឡើងឧបករណ៍តាមដាន (GPS និង RFID) តាមរថយន្តដឹកជញ្ជូននិងស្ថានីយ ដើម្បីពង្រឹងការអនុវត្តយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលមានអភិបាលកិច្ចល្អជាស្នូល ការលើកកម្ពស់អនុលោមភាព និងធានាបាននូវការប្រកួតប្រជែងដោយស្មើភាព, រៀបចំយន្តការសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ សេវាអ៊ីនធឺណិត ដែលកំពុងប្រតិបត្តិការក្នុងស្រុក ដើម្បីចាត់វិធានការគ្រប់គ្រងលើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។

* បន្តពង្រឹងការអនុវត្តវិធានការទារបំណុលពន្ធរ៉ាំរ៉ៃ និងគោរពស្នើសុំគោលការណ៍សម្រេចទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំពោះករណីសហគ្រាសរឹងរូស ពុំព្រមចូលខ្លួន មកទូទាត់បំណុលពន្ធ

* បន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ លើវិស័យដែលនៅមានសក្តានុពល ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព

* ជំរុញសហគ្រាសក្នុងវិស័យល្បែងពាណិជ្ជកម្ម (កាស៊ីណូ) ឱ្យចូលខ្លួនមកចុះបញ្ជីពន្ធដារ និងអនុវត្តកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ស្តីពីពន្ធដារ និងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម

* បន្តធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងកម្មវិធី តាមរយៈការអភិវឌ្ឍនិងធ្វើបច្ចុប្បន្នភាពប្រព័ន្ធនិងកម្មវិធីថ្មីៗ

* បន្តពង្រឹងការផ្សព្វផ្សាយច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ កំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ និងបន្តពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធតាមរយៈការរៀបចំ កម្មវិធីរៀនអំពីពន្ធដារ តាមអនឡាញ (Tax Education) កិច្ចប្រជុំសិក្ខាសាលា វិបស្សនា គេហទំព័រ ទំព័រទំនាក់ទំនងសង្គម និងការផ្សាយផ្ទាល់ តាមអនទ្បាញ ជាពិសេសការរៀបចំកម្មវិធី «ពន្ធដារកម្ពុជា» ដោយមានការជួបជជែកជាមួយអ្នកជាប់ពន្ធផ្ទាល់ តាមប្រព័ន្ធបណ្ដាញសង្គម GDT Facebook Live, សេវាឆ្លើយតបតាមប្រព័ន្ធទូរស័ព្ទ Call Center 1277, កម្មវិធី GDT Live Chat ជាដើម

* បន្តការងារកែទម្រង់ធនធានមនុស្ស និងបន្តពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូន អ្នកជាប់ពន្ធនិងការគ្រប់គ្រងប្រមូលចំណូលពន្ធ។

សូមបញ្ជាក់ដែរថា សម្រាប់រយៈពេល១២ខែ ឆ្នាំ២០២១ ចំណូលពន្ធ-អាករសរុបប្រមូលបានមានចំនួន ១១ ២៦៦.៧៩ ប៊ីលានរៀល (ប្រមាណជា ២,៧៨១.៩២ លានដុល្លារ) ធៀបនឹងផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលតម្រូវឱ្យប្រមូលចំណូលឱ្យបានចំនួន ៩ ០៨៤.៤២ ប៊ីលានរៀល (ប្រមាណជា ២ ២៤៣.០៧ លានដុល្លារ) មានស្ថានភាពល្អប្រសើរ គឺស្មើនឹង ១២៤.០២% នៃផែនការប្រចាំឆ្នាំ ពោលគឺលើសផែនការចំនួន ២៤.០២% ស្មើនឹង ២ ១៨២.៣៧ប៊ីលានរៀល ប្រមាណជា ៥៣៨.៨៥លានដុល្លារ៕