(ភ្នំពេញ)៖ លោក យឹម សុវណ្ណ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានទូរស័ព្ទមកបញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបនិ្តចថា ករណីផ្ទុះហឹង្សាវាយតប់គ្នា នៅខេត្តរតនគីរី នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ បានកើតឡើង ក្រោយរូបលោកជាអធិបតី និងមន្រ្តីមួយចំនួន បានប្រជុំប្រកាសតែងតាំងចប់ និងចាកចេញរួចហើយ។

លោក យឹម សុវណ្ណ បានបញ្ជាក់ថា រូបលោកបានបើកកិច្ចប្រជុំនៅវេលាម៉ោងប្រមាណ ៨៖៣០នាទីរហូតដល់ជាង១ម៉ោងបានបញ្ចប់ (ប្រហែល៩៖៣០នាទី) ហើយហេតុការណ៍កើតឡើង រូបលោកមិនបាននៅកន្លែងនោះទេ។

អាជ្ញាធរខេត្តរតនគីរី បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា មេដឹកនាំបក្សប្រចាំខេត្តរតនគីរី និងមន្រ្តីរបស់គណបក្សសង្គ្រោះជាតិ បានវាយតប់គ្នា នាវេលាម៉ោង៩៖៤៥នាទី ឈានដល់ប្រើអំពើហិង្សា ផ្អើលពេញក្នុងអង្គប្រជុំ ព្រោះទំនាស់នឹងការតែងតាំង ប្រធាន និងអនុប្រធានគណបក្ស CNRP ប្រចាំខេត្តរតនគីរី។

ការផ្ទុះប្រើអំពើហិង្សានេះ កើតឡើងនៅស្នាក់ការរបស់គណបក្ស CNRP នាខេត្តរតនគិរីតែម្តង នាវេលាម៉ោង៩៖៤៥នាទី ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។ ទំនាស់ឈានដល់ការវាយតប់គ្នានេះ កើតឡើងដោយសារភាគីម្ខាង ឈ្មោះ ស៊ិន បូណា វាយតប់គ្នាជាមួយលោកស្រី អ៊ុំ សុយិន បង្កឲ្យលោកស្រី អ៊ុំ សុយិន រងរបួសដៃម្ខាង។ ការបង្កហិង្សា និងទំនាស់នេះកើតឡើងចេញពីការ ស្នើសុំផ្លាស់ប្តូរប្រធាន និងអនុប្រធានក្រុមការងារ និងមិនទទួលស្គាល់ការ តែងតាំងគណៈកម្មាធិការប្រតិបត្តិខេត្តរតនគីរីថ្មី។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានអះអាងថា នេះជាការបរាជ័យមួយរបស់គណបក្សសង្គ្រោះជាតិ ក្នុងការប្រកាសតែងតាំងប្រធានបក្សថ្មី នៅខេត្តរតនគីរី ព្រោះករណីខាងលើនេះបានបង្កភាពមិនសប្បាយដល់សមាជិកគណបក្សរបស់ខ្លួន ជុំវិញការប្រកាសតែងតាំងថ្មីនេះ។ ហើយនេះជា លទ្ធផលនៃការគាំទ្ររបស់គណបក្សសង្គ្រោះជាតិ, មិនគោរពឲ្យតម្លៃគ្នា មិនមានភាពជាអ្នកដឹកនាំ មិនចេះមានភាពអត់ធ្មត់ ចេះតែដើរវាយតប់គ្នា បង្កហិង្សា គ្មានចេះផ្តល់កិត្តិយស និងឈ្មោះគណបក្សនោះទេ បើចេះតែមានបង្ហាញរបៀបនេះ នោះប្រជាប្រិយភាពរបស់ គណបក្សនឹងចុះថយមិនខាន។

បើតាមប្រភពព័ត៌មានពីលោកស្រី ទួន សុខាន់ ប្រធានបក្សសង្គ្រោះជាតិស្រុកអណ្តូងមាស បានឲ្យដឹងថា នៅក្នុងកម្មវិធីនោះលោកស្រី មិនបានពេញចិត្ត ចំពោះគណៈអធិបតី ធ្វើការកម្មវិធីដូរតំណែងឈ្មោះ អំ ស៊ុនយីន មុខងារប្រធានប្រតិបត្តិខេត្តចេញ ដោយដាក់ឈ្មោះ លោក រ៉ាន់ សាយលឿន ជំនួសវិញ។

លោកស្រីបានបន្តទៀតថា ដោយពួកគាត់ចំនួន៦នាក់ មិនបានពេញចិត្តនោះទេ ក្នុងនោះគាត់បានលើកបដាតវ៉ាមានន័យថា សុំផ្លាស់ប្តូរប្រធាន និងអនុប្រធានការងារ ហើយមិនទទួលស្គាល់ការតែងតាំងគណៈកម្មាធិកាប្រតិបត្តិខេត្តថ្មីទេ។

លោកស្រីបានបញ្ជាក់ទៀតថា ក្នុងខណៈគាត់កំពុងតែលើកបដាតវ៉ានោះស្រាប់តែប្រពន្ធរបស់លោក ស៊ិន បូណា ជាម្ចាស់ផ្ទះបានលោតមក ចាប់បោកគាត់៣-៤ដងផ្ទប់នៅនឹងដី បណ្តាលឲ្យរបួសក្បាល ដងខ្លួន និងកែងដៃស្តាំ ទង្វើដ៏ថោកទាបនេះគាត់បានមកដាក់ ពាក្យបណ្តឹងនៅការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្ត ពីបទប្រើអំពើហឹង្សាដោយចេតនា៕