(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង លោក វណ្ណា ម៉ាប់ អភិបាលថ្មី នៃស្រុកពេជ្រាដា ជំនួសអភិបាលស្រុកចាស់ ដែលត្រូវផ្លាស់ឲ្យទៅបំពេញការងារនៅសាលាខេត្ត។

ថ្លែងក្នុងឱកាសនោះ លោក ថង សាវុន បានណែនាំដល់លោកអភិបាលស្រុកថ្មី និងមន្រ្តីទាំងអស់ ត្រូវចេះសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា ទាំងសេវាសាធារណៈ និងសេវាតម្រូវការជូនពលរដ្ឋឲ្យមានតម្លាភាព គុណភាព និងប្រសិទ្ធភាព។

លោកបានក្រើនរំលឹកដល់អភិបាលស្រុកពេជ្រាដា ដែលត្រូវបានតែងតាំងមុខតំណែងថ្មី ត្រូវបន្តសហការជាមួយក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ និងសមត្ថកិច្ច នៃស្រុកពេជ្រាដា ក្នុងការអនុវត្តការងារសំខាន់ៗ ជាអាទិភាពរួមមាន៖ ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាពស្ថិរភាពនយោបាយស្ថិរភាពសង្គម ឲ្យបានល្អប្រសើរ, ខិតខំលើកកម្ពស់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងស្រុក ដោយជំរុញការផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិទាំង៩ នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

បន្ថែមពីនេះ ត្រូវខិតខំចូលរួមបង្រ្កាបសកម្មភាពបទល្មើសធនធានធម្មជាតិ បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត, ត្រូវបន្តយកចិត្ដទុកដាក់រៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់អនាម័យតាមការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ, ត្រូវខិតខំលើកកម្ពស់ការគ្រប់គ្រង ចាត់ចែង និងការប្រើប្រាស់មូលនិធិស្រុកឃុំ និងថវិកា គុណប្រយោជន៍ផ្សេងៗឲ្យបានត្រឹមត្រូវ និងបន្តខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងស្រុកឲ្យមានការអភិវឌ្ឍរីកចម្រើន។

ទទឹមនឹងនេះ ក៏សូមឲ្យអភិបាលស្រុកថ្មី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចទាំងអស់ ត្រូវខិតខំដោះស្រាយបញ្ហាទំនាស់នានាជូនពលរដ្ឋ និងត្រូវបម្រើសេវាសាធារណៈជូនពលរដ្ឋឲ្យបានទ្វេដង ទាំងសេវាតម្រូវការ និងសេវាសាធារណៈនានា ឲ្យមានតម្លាភាព គុណភាព និងប្រសិទ្ធភាព ដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្តលើអាជ្ញាធរផងដែរ។

លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា ដែលទើបឡើងថ្មី បានមានមតិប្តេជ្ញាចិត្តថា ត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល លិខិតបទដ្ឋាននានា បទបញ្ជា ដែលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលខេត្ត បានដាក់ចេញពង្រឹងនូវសាមគ្គីភាព ឯកភាព ជាមួយគ្រប់ថ្នាក់ គ្រប់ផ្នែក និងអ្នកពាក់ព័ន្នទាំងអស់ ដើម្បីចូលរួមចំណែកអនុវត្តរក្សាឲ្យបាននូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍក្នុងស្រុកប្រកបដោយចីរភាព ត្រូវយកចិត្តទុកដាក់លើការផ្តល់សេវាជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធឲ្យបានឆាប់រហ័យ មានតម្លាភាព គុណភាព និងប្រសិទ្ធភាព ទប់ស្តាប់បង្ក្រាបបទល្មើសនានាដែលកើតឡើងក្នុងស្រុក៕