(ឧត្តរមានជ័យ)៖ រដ្ឋបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានរៀបចំពិធីសម្អាតក្រុងយើងក្រោមប្រធានបទ «ដើម្បីទីក្រុងស្អាត សុខភាពយើងល្អ ទេសចរណ៍មានកំណើន កើនជីវភាពគ្រួសារ យើងទាំងអស់គ្នា»

ពិធីនេះបានប្រារព្វធ្វើឡើងនៅលើសួនច្បារធំ ក្បែបឹងស្នោរ ស្ថិតក្រោមវត្តមានលោក លី រដ្ឋា អភិបាលរងក្រុងសំរោង តំណាងលោក អ៊ុន សុភ័ក្រ អភិបាលក្រុង ដោយមានការចូលរួមពីមន្ត្រីរាជការនិងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះលោក លី រដ្ឋា បានលើកឡើងថា បច្ចុប្បន្ននេះក្រុងសំរោង គឺជាទីក្រុងមួយដែលមានការប្រលងប្រកួតប្រជែងយកជ័យលាភីទីក្រុងស្អាត ជាមួយនឹងបណ្តាខេត្តផ្សេងៗ ក្នុងនោះដែរទីក្រុងសំរោងរបស់យើងកន្លងមក ក៏ទទួលបានចំណាត់ថ្នាក់ជ័យលាភីផ្ការំដួល២ទងផងដែរ ដូច្នេះដើម្បីធ្វើឲ្យទីក្រុងយើងទទួលបានចំណាត់ថ្នាក់ផ្ការំដួល៣ទង នៅថ្ងៃខាងមុខបន្តទៀតនោះ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសម្អាតអនាម័យ បរិស្ថាន ទីក្រុងយើងឲ្យបានស្អាត និងមានភាពល្អប្រសើរឡើងស្របនឹងកិត្តិនាមឈ្មោះទីក្រុងស្អាតផ្ការំដួល២ទង។

លោកអភិបាលរងក្រុងសំរោង បានថ្លែងបន្តទៀតថា ក្រុងសំរោង គឺជាក្រុងមួយដែលមានបរិស្ថាននិងសោភ័ណ្ឌភាពល្អមានទីធ្លា សួនច្បារ ធំទូលាយជាទីក្រុងដែលជាប់ចំណាត់ថ្នាក់លំដាប់ផ្ការំដួល២ទង។ ដូច្នេះដើម្បីធ្វើឲ្យ ទីក្រុងនេះ ទទួលបានចំណាត់ថ្នាក់ល្អបន្ថែមទៀតនូវផ្ការំដួល៣ទងនោះ ត្រូវផ្តើមចេញពីខ្លួនយើងទាំងអស់គ្នាដោយម្នាក់ៗ ត្រូវនាំគ្នាចូលរួមថែរក្សាសំអាតអនាម័យនៅតាមទីសាធារណះឲ្យបានគ្រប់ៗគ្នា មិនត្រូវមានការចោលសំរាមពាសវាល ពាសកាលនោះឡើយ គឺត្រូវទុកដាក់សំម្រាមឲ្យបានល្អទៅតាមទីតាំងរបស់បងប្អូនរស់នៅ។

លោក លី រដ្ឋា បានថ្លែងអបអរសារទរ និងកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនធំ ដែលពួកគាត់មានការយល់ដឹងពីបញ្ហាអនាម័យ បរិស្ថាន ចេះវេចខ្ចប់សំរាមបានត្រឹមត្រូវ ដែលនេះបញ្ជាក់ឲ្យឃើញពីការចូលរួមចំណែក ជាមួយអាជ្ញាធរ ក្នុងការលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងរបស់យើង ហើយមួយផ្នែកក៏បានបញ្ជាក់ពីការចូលរួមថែរក្សាសុខភាពរបស់យើង ក្រុមគ្រួសារយើង ពីជំងឺផ្សេងៗដែលកើតឡើងដោយសម្រាមនេះផងដែរ៕