(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានប្រាប់អាជ្ញាធរ ក្រុង ស្រុក ត្រូវត្រួតពិនិត្យរាល់សកម្មភាពរថយន្តទាំងឡាយណា ដែលដឹកដីត្រូវមានកិច្ចសន្យា និងលិខិតអនុញ្ញាតត្រឹមត្រូវ ធ្វើយ៉ាងណាដឹកតាមលក្ខណៈបច្ចេកទេស ដោយធានានាថា មិនប៉ះពាល់ដល់ផ្លូវសាធារណៈ និងសុខភាពប្រជាពលរដ្ឋ។

ការថ្លែងរបស់អភិបាលខេត្តស្វាយរៀងបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ។

នៅក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករង ស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោក លោកស្រី នាយកទីចាត់ការប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ នារយៈពេលកន្លងមកបានសហការអនុវត្តតួនាទីភារកិច្ច របស់ខ្លួនបានយ៉ាងល្អប្រសើរ ពិសេសការងារប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ និងអរគុណចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្ត សម្រាប់ទិញម៉ូតូផ្តល់ជារង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំង២៦នាក់ បាននិទ្ទេសA។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*ទី១៖ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ
*ទី២៖ រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ទន្លេ ព្រែក ឱ្យបានល្អសម្រាប់ជាប្រយោជន៍សាធារណៈ
*ទី៣៖ អាជ្ញាធរក្រុង ស្រុក ត្រូវផ្សព្វផ្សាយ និងជំរុញឱ្យមន្ត្រីរាជការជួរមុខទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ ដែលដូសជំរុញឱ្យបានគ្រប់ៗគ្នា នូវទីតាំងនានាដែលរដ្ឋបាលខេត្តបានកំណត់
*ទី៥៖ អាជ្ញាធរ ក្រុង ស្រុក សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ជាពិសេសការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន
*ទី៦៖ អាជ្ញាធរក្រុង ស្រុក ត្រូវចូលរួមផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នអំពីបញ្ហាគ្រោះអគ្គីភ័យដែលបង្ករឡើងដោយភ្លើងអគ្គិសនី ភ្លើងទាន ធូប ជាដើម ជាពិសេសក្នុងរដូវប្រាំងខាងមុខ៕