(ក្រចេះ)៖ កម្លាំងនគរបាលស្រុកស្នួល បានចាប់ជនសង្ស័យចំនួន៣នាក់់ ដែលជាក្រុមចោរបានធ្វើសកម្មភាព លួចគាស់តូបលក់ទូរស័ព្ទ និងបានលួចសម្ភារមួយចំនួននៅផ្សារស្នួល ក្នុងស្រុកស្នួល ខេត្តក្រចេះវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។ ជនសង្ស័យ ទាំងបីនាក់ ខាងលើរួមមាន៖ ទី១មានឈ្មោះ ឡុង វីរៈ អាយុ៣៥ឆ្នាំ ជាមេក្លោង ទី២ឈ្មោះ អ៊ាង ស្រ៊ុន អាយុ៤៣ឆ្នាំ និងទី៣ឈ្មោះ សាន សុភី អាយុ៣៤ឆ្នាំ ជាមនុស្សចំណូលស្រុកថ្មី និងមានមុខរបរមិនច្បាស់លាស់។

នគរបាលស្រុកស្នួល បានឱ្យដឹងថា នៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២៧ ខែមេសា ក្រុមជនសង្ស័យ បានធ្វើសកម្មភាពគាស់ទម្លុះទម្លាយ តូបលក់ទូរស័ព្ទមួយកន្លែង ក្នុងផ្សារស្នួល និងបានលួចយកទូរស័ព្ទដៃ ចំនួន២០គ្រឿង កុំព្យូទ័រឡេបថបចំនួន០១គ្រឿង និងសម្ភារ មួយចំនួនទៀត។

ក្រោយពីធ្វើសកម្មភារួចហើយ ក្រុមជនសង្ស័យខាងលើ បាននាំយកសម្ភារដែលលួចបាន ទៅលាក់ទុកនៅក្នុងផ្ទះជួលមួយកន្លែង នៅក្នុងស្រុកស្នួល តែត្រូវបាននគរបាល កំណត់ការសង្ស័យលើមុខសញ្ញា ហើយឈានដល់ការចាប់ខ្លួន ជនទាំងនោះតែម្ដង។
លើសពីនេះលោក ចាន់ សុគីម អធិការនគរបាលស្រុកស្នួល ក៏បានឲ្យដឹងថា ក្រោយការចាប់ខ្លួនភ្លាម និងបាននាំខ្លួនមកសាកសួរហើយ ក្រុមជនល្មើសទាំង៣នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសម្មភាពមែន។

បច្ចុប្បន្នជនទាំង៣នាក់ខាងលើ ត្រូវបានចាត់បញ្ជូនខ្លួនទៅកាន់ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគបាលខេត្តក្រចេះ៕