(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានអញ្ជើញបើកការដ្ឋានជួសជុល ផ្លូវចំនួន៦ខ្សែ និងជួសជុលសំបុកមាន់ នៅក្នុងក្រុងបាត់ដំបង ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកន្លងទៅ។

ក្នុងពិធីបើកការដ្ឋាននេះ បានធ្វើឡើងដោយមានចូលរួម ដោយលោកអភិបាលរងខេត្ត លោកអភិបាលក្រុង លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ព្រមទាំងចៅសង្កាត់ និងប្រជាពលរដ្ឋចូលរួមផងដែរ ។

តាមរបាយការណ៍របស់លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ចំពោះដំណើរការជួសជុលផ្លូវក្នុងក្រុងនេះ រដ្ឋបាលខេត្តបានរៀបចំ ធ្វើការជួសជុលកំណាត់ផ្លូវមានដូចជា៖

* ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ៥២៦ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ ៥១៥ (ផ្លូវទៅវត្តពោធិ៍ ពីមុខស្នាក់ការ ស.ស.យ.ក ខេត្ត) ដែលមានប្រវែង ១១៦៥ម៉ែត្រ គុណ១០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
* ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ៦១៤ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ ១៥៣ (ផ្លូវមុខស្នងការនគរបាលខេត្ត ពីស្តុបរំចេក ដល់ផ្លូវមាត់ស្ទឹង) ដែលមានប្រវែង ១៥២០ម៉ែត្រ គុណ ៨ម៉ែត្រ ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។
* ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ៥៣០ ចាប់ពីផ្លូវជាតិលេខ៥ (ខាងជើងព្រះនរាយណ៍) ដល់ផ្លូវលេខ ៥១៥ ដែលមានប្រវែង ១១៦៥ម៉ែត្រ គុណ ៨ម៉ែត្រ ស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
*ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ៧១៦ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ ៧០០ (មុខយោធភូមិភាគទី៥ ផ្លូវចំការដូង) ដែលមាន ទំហំ១០៥០ម៉ែត្រ គុណ៨ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
* ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ១៣៩ ពីផ្លូវលេខ ៣ ដល់ផ្លូវលេខ ១០៦ (ផ្លូវក្រោយបុរី កាណាឌីយ៉ា) ដែលមានប្រវែង ៥០៥ម៉ែត្រ គុណ៦ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
* ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ១១១ ពីផ្លូវលេខ ៥២៤ ដល់ផ្លូវលេខ១១៥ (ផ្លូវខាងជើងអតីតសណ្ឋាគារ ហូលីដេ) ដែលមានប្រវែង ២៥០ម៉ែត្រ គុណ៦ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងមានការងារជួសជុលផ្លូវសំបុកមាន់ ក្នុងក្រុងបាត់ដំបង។

នាឱកាសនោះ លោ សុខ លូ បានណែនាំដល់រដ្ឋបាលក្រុង ឲ្យរៀបចំសណ្ដាប់ធ្នាប់ឲ្យហើយជាស្រេច ទាំងចំណីផ្លូវ សំណង់អាណាធិបតេយ្យ និងការលក់ដូរ គ្មានរបៀបរៀបរយនៅតាមសាធារណៈ ព្រោះបើមិនធ្វើការរៀបចំពីឥឡូវទេ ថ្ងៃទៅមុខនឹងធ្វើឲ្យសណ្ដាប់ធ្នាប់ ក្នុងក្រុងកាន់តែគ្មានរបៀបរៀបរយ ហើយពេលដែលមាន គម្រោងចង់ពង្រីកផ្លូវ បង្កការលំបាកក្រុមការងារក្នុងការដោះស្រាយ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចេះរៀបចំសំរាម កាកសំណល់ផ្សេងៗឲ្យមានរបៀប និងចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់ ដើម្បីយើងអាចប្រើប្រាស់ផ្លូវថ្នល់ បានយូរអង្វែង និងដើម្បីសោភ័ណភាពក្នុងក្រុងបាត់ដំបង ឲ្យសាកសមនឹងក្រុងដែលទើបទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ។

លោក បានជំរុញដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ សូមរួសរាន់ចាក់នៅតាមបណ្ដា មណ្ឌលចាក់វ៉ាក់សាំង ក្នុងមូលដ្ឋានរបស់ខ្លួន និងអ្នកដែលមិនទាន់បានចាក់ដូសមូលដ្ឋាន ដើម្បីចូលរួមកាត់ផ្ដាច់ការឆ្លងក្នុងសហគមន៍ និងជាពិសេសជំងឺកូវីដ-១៩បម្លែងថ្មី អូមីក្រុង ដែលកំពុងវាយប្រហារយ៉ាងរហ័សក្នុងសហគមន៍ និងពិភពលោក៕