(ឧត្តរមានជ័យ)៖ សម្រាប់ខេត្តឧត្តរមានជ័យ ចាប់តាំងពីជំងឺកូវីដ១៩ ឆ្លងរីករាលដាលជាសកល ធ្វើឲ្យពលករ និងប្រជាពលរដ្ឋខ្មែរយើង ដែលបម្រើការ និងរស់នៅក្រៅប្រទេស ពិសេសនៅប្រទេសថៃ បានបង្ខំចិត្តវិលមកស្រុក កំណើតវិញ មានចំនួនគួរឲ្យកត់សម្គាល់។

មន្ត្រីជាន់ខ្ពស់សាលាខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះថា គិតត្រឹមចុងសប្តាហ៍ទី៣ នៃខែមករា ឆ្នាំ២០២២នេះ ពោលគិតចាប់តាំងពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ដល់ល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ ពលករចំណាកស្រុកមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ និងច្រកអន្តរជាតិជាំមានចំនួន ១១៣.៧១៨នាក់ (ស្រី៥០.៨៨៧នាក់) ក្នុងនោះពលករ និងប្រជាពលរដ្ឋ ដែលរស់នៅខេត្តឧត្តរមានជ័យផ្ទាល់មានចំនួន ១៤.៧៨២ (ស្រីចំនួន៦.៨៤៨នាក់) ផងដែរ។

មន្ត្រីដដែលបានថ្លែងឱ្យដឹងទៀតថា ក្រោមបទបញ្ជារបស់លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ទោះពលករដែលមានបណ្ណចាក់វ៉ាក់សាំងការពារជំងឺវីដ១៩ ក៏ដោយ ក៏ត្រូវអនុវត្តន៍តាមវិធានការសុខាភិបាលដែរ គឺត្រូវធ្វើតេស្ត វ៉ាស់កំដៅជាមុនផងដែរ បើរកមិនឃើញអាការៈជំងឺដែលគួរឲ្យសង្ស័យទេ សមត្ថកិច្ចមិនអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀតតាមមធ្យោបាយរៀងៗខ្លួន។

មន្ត្រីជាន់ខ្ពស់សាលាខេត្តឧត្តរមានជ័យ បានបញ្ជាក់ទៀតថា អំពីស្ថានភាពនៅតាមច្រកព្រំដែនអន្តរជាតិ នៃខេត្តឧត្តរមានជ័យ គឺប្រព្រឹត្តទៅជាធម្មតាចំពោះការនាំចេញ-នាំចូលទំនិញ ប៉ុន្តែចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភាគីថៃមិនទាន់បើកឲ្យចេញ-ចូល នៅឡើយទេ។

លោកក៏បានបញ្ជាក់ផងដែរថា កន្លងមកអាជ្ញាធរខេត្តឧត្តរមានជ័យ និងអាជ្ញាធរខេត្តពាក់ព័ន្ធរបស់ថៃ បានពិភាក្សាគ្នាគ្រោងស្នើសុំបើកដំណើរការច្រកនៅតាមព្រំដែនឡើងវិញ ប៉ុន្តែកម្មវិធីត្រូវបានអាក់ខានដោយជំងឺកូវីដ-១៩ ប្រភេទអូរមីក្រុងផ្ទុះឡើង៕