(សៀមរាប)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ការអនុវត្តអនុសាសន៍នៃសន្និសីទថ្នាក់តំបន់លើកទី១នៃ វិធានការ និងការការពារសកម្មភាពទន្រ្ទានទីទួលបុរាណ ការបំផ្លិចបំផ្លាញ ការលួចជីកកកាយ ការទប់ស្កាត់អំពើចោរកម្ម និងការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់»។ អង្គសិក្ខាសាលា បានធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាល័យ អង្គរ (SOKHALAY ANGKOR RESORT & SPA) ខេត្តសៀមរាប។

អង្គសិក្ខាសាលា ទទួលបានការចូលរួមចែករំលែកបទបង្ហាញពីអ្នកជំនាញជាតិ និងអន្តរជាតិចំនួន១៥នាក់ និងមានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិប្រមាណជា ១៤០នាក់ ដែលបានអញ្ជើញមកពីក្រសួង/ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទូទាំងរាជធានី-ខេត្ត ពិសេសបានចូលរួមផ្តល់នូវមតិយោបល់ ក៏ដូចជាការ លើកឡើងបង្ហាញ ពីបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងទីទួលបុរាណ ស្ថានីយបុរាណ និងវត្ថុបុរាណ ដែលជាកេរ្តិ៍ដំណែលបន្សល់ទុក ដោយបុព្វបុរស ហើយបានក្លាយជា សម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានកំពុងប្រឈម នឹងការបាត់បង់ ជាបន្តបន្ទាប់ ដោយសារកត្តាមនុស្ស តាមរយៈសកម្មភាពផ្សេងៗដូចជាការជួញដូរ ចរាចរ បំផ្លិច បំផ្លាញ ឈូសឆាយ និងការ ជីក រុករកវត្ថុបុរាណដោយខុសច្បាប់ជាដើម។

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា គោលបំណងនៃសិក្ខាសាលាថ្នាក់តំបន់នេះ គឺដើម្បីលើកឡើងនូវមតិយោបល់មកពិភាក្សា ពីការការពារដោយបើកចំហនៃបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់យើង ត្រូវបានគេស្គាល់ និងមិនទាន់ត្រូវបានរកឃើញ។

ភាគីទាំងអស់កំពុងប្រមូលផ្តុំគ្នាក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការអ្នកជំនាញ ពីគ្រប់ស្ថាប័នពាក់ព័ន្ធដែលមានជាប្រធានបទ និងអនុសាសន៍ផ្សេងៗ ដើម្បីជាប្រយោជន៍ក្នុងការការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិរបស់យើងទាំងអស់គ្នា ក៏ដូចជាដើម្បីប្រមូលចងក្រងពីបញ្ហាប្រឈម និងដំណោះស្រាយនានាសម្រាប់ជាមាគ៌ាមួយឆ្ពោះទៅកាន់សិក្ខាសាលា ឬសន្និសីទផ្សេងៗទៀតនាពេលអនាគត ពិសេសជាមួយប្រទេសអាស៊ាន និងពិភពលោក៕