(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជួបពិភាក្សា និងពិសាបាយសាមគ្គីជាមួយលោក លោកស្រី រៀមច្បង សាស្ត្រាចារ្យ ជាអ្នកនិពន្ធ អ្នកតន្ត្រីជើងចាស់ ដើម្បីលើកទឹកចិត្ត រួមគ្នាអភិរក្ស និងអភិវឌ្ឍ សិល្បៈ វប្បធម៌ តូរតន្ត្រីនៅប្រទេសកម្ពុជាយើង។

សម្រាប់នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានគេមើលឃើញថា លោកជាថ្នាក់ដឹកនាំម្នាក់ដែលតែងតែយកចិត្តចំពោះសុខទុក្ខបងប្អូនជើងចាស់ផ្នែកនិពន្ធ និងតន្រ្តីករ ហើយក៏បានចំណាយធនធានផ្ទាល់របស់លោកជួយ ឧបត្ថម្ភជូនបុគ្គលទាំងនោះប្រចាំខែ និងប្រចាំឆ្នាំផងដែរ។

នៅក្នុងពិធីជំនួបសំណេះសំណាល និងបាយសាមគ្គីជាមួយរៀមច្បង សាស្ត្រាចារ្យ ជាអ្នកនិពន្ធ អ្នកតន្ត្រីជើងចាស់ខាងលើនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានកោតសរសើរចំពោះអតីតការងារ និងស្នាដៃជាច្រើនរបស់ពួកគាត់ ដែលបានបន្សល់ទុកសម្រាប់កូនចៅចំនាន់ក្រោយឲ្យបានដឹង បានស្គាល់ចំពោះវប្បធម៌ និងសិល្បៈរបស់ជាតិយើង ហើយសូមឲ្យបន្តចែករំលែកចំណេះដឹងទាំងនេះ តាមលទ្ធភាពដែលអាចធ្វើបានជូនកូនចៅរបស់យើងបន្តទៀត៕