(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ និងតំណាងអយ្យការអមសាលាដំបូង ពេញមួយព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពិនិត្យមើលលទ្ធផលការងារឆ្នាំ២០២១ និងលើកទិដៅការងារឆ្នាំ២០២២។

លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងបើកអង្គសន្និបាតថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងាររដ្ឋបាលឆ្នាំ២០២២ ដែលជាសន្និបាតលើកទី៨ ត្រូវបានរៀបចំឡើងដោយផ្អែកលើស្មារតីមាត្រា៣៤ នៃច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ក្នុងគោលបំណងដូចខាងក្រោម៖

*ទី១៖ បង្ហាញឱ្យឃើញសមិទ្ធផលទាំងឡាយដែលខិតខំធ្វើ ហើយសម្រេចបាន
*ទី២៖ កំណត់បញ្ហាប្រឈមដែលកើតមាន និងរកដំណោះស្រាយដ៏ត្រឹមត្រូវសម្រាប់បញ្ហាទាំងនោះ តាមរយៈកិច្ចពិភាក្សាផ្លាស់ប្ដូរបទពិសោធ
*ទី៣៖ កំណត់ទិសដៅ ផែនការសកម្មភាពការងារឱ្យបានច្បាស់លាស់នាពេលខាងមុខ ដែលជាសកម្មភាពចូលរួមចំណែកកម្មវិធីនយោបាយកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភោបាល ឱ្យសម្រេចជាផ្លែផ្កាដ៏ត្រចះត្រចង់។

ជាមួយគ្នានេះ លោកព្រះរាជអាជ្ញា នៃអយ្យការអមតុលាការ ក៏បានសំណូមពរយ៉ាងទទូចចំពោះលាក លោកស្រី អ្នកនាងកញ្ញា ជាចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី មន្រ្តីអាជ្ញាសាលា មន្ត្រីលេខាធិការធិការដ្ឋានរដ្ឋបាល និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ សូមបន្តការខិតខំព្យាយាមក្នុងការផ្ដល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋដោយឈរលើគោលការច្បាប់ជាធរមាន និងសូមបំពេញការងារដើម្បីប្រយោជន៍អង្គភាព ប្រយោជន៍ប្រជាបលរដ្ឋទូទៅ ដោយយុត្តិធម៌ និងមិនលំអៀង ពោលគឺចៀសឱ្យផុតនូវអគតិទាំង៤គឺ ឆន្តាគតិ ភយាគតិ ទោសាគតិ និងមោហាគតិ។

លោក អ៊ី រិន្ទ ប្រធានលេខាធិការដ្ឋានរដ្ឋបាល នៃសាលាដំបូងរាជធានីភ្នំពេញ បានអានសេចក្ដីព្រាងរបាយការណ៍លទ្ធផលសកម្មភាពការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ជូនអង្គសន្និបាតជ្រាប ហើយអង្គសន្និបាតបានឯកភាពលើសេចក្ដីព្រាងរបាយការណ៍ទាំងស្រុង។

ក្នុងអង្គសន្និបាតព្រឹកនេះលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងបិទអង្គសន្និបាតដោយបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១ កន្លងមកនេះ មន្រ្តីទាំងអស់របស់ សាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ រួមទាំងលេខាធិការដ្ឋានរដ្ឋបាល បានខិតខំអស់ពីកម្លាំងកាយចិត្ត និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងដែលក្រសួងយុត្តិធម៌ បានដាក់ចេញ។

លោកប្រធានតុលាការបន្តថា «ខ្ញុំសូមឲ្យលោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី មន្រ្តីអាជ្ញាសាលា និងមន្រ្តីទាំងអស់ នៃលេខាធិការដ្ឋានរដ្ឋបាល ត្រូវខិតខំបំពេញ‌ភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ នីតិវិធី វិជ្ជាជីវៈ មនសិការ និងសាមគ្គីគ្នាបន្ថែមទៀត ដើម្បីសម្រេចនូវទិសដៅការងាររដ្ឋបាលដែលបានដាក់ចេញសម្រាប់ឆ្នាំ២០២២ និងដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋក្នុងការផ្ដល់សេវាយុត្តិធម៌ជូនពួកគាត់»។

មុនបិទបញ្ចប់អង្គសន្និបាត លោកប្រធានសាលាដំបូង បានស្នើដល់សុំមន្ត្រីទាំងអស់បន្តគាំទ្រ និងអនុវត្តបន្តនូវផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ជាអាទិ៍៖

*ទី១៖ ការពង្រឹងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ
*ទី២៖ ការពង្រឹងភាពស្អាតស្អំ និងក្រមសីលធម៌វីជ្ជាជីវៈរបស់មន្ត្រីក្នុងការអនុវត្តច្បាប់
*ទី៣៖ ពង្រឹងយន្តការវិន័យការងារ និងការធ្វើទំនើបកម្មរដ្ឋបាលយុត្តិធម៌
*ទី៤៖ ការលើកកម្ពស់ការផ្តល់សេវាច្បាប់/យុទ្ធសាស្រ្តលើកកម្ពស់ការផ្តល់សេវាផ្នែកច្បាប់
*ទី៥៖ ការពង្រឹងនិងកែលម្អយន្តការដោះស្រាយវិវាទដែលអាចឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងរបស់សង្គម ប្រកបដោយប្រសិទ្ធភាព៕