(កំពត)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច មានបន្ទូលប្តេជ្ញាយ៉ាងមុះមុតក្នុងការការពារថែរក្សាគណបក្សឱ្យគង់វង្ស ហើយព្រះអង្គមានជំនឿថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងទទួលបានគាំទ្រសារជាថ្មី ក្នុងការបោះឆ្នោតនាពេលខាងមុខ។

ការប្រកាសនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសដែលព្រះអង្គម្ចាស់យាងចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ថ្នាក់ខេត្ត ស្រុក ឃុំ នៅទីស្នាក់ការបក្សខេត្តកំពត ក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ អមព្រះដំណើរនាឱកាសនោះក៏មានការអញ្ជើញពីអនុប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបផងដែរ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានមានបន្ទូលណែនាំដល់សមាជិកសមាជិកាគណបក្សហ្វ៊ុនស៊ិនប៉ិច នៅមូលដ្ឋានខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងពីការងាររបស់គណបក្ស ដើម្បីត្រៀមលក្ខណៈចូលរួមក្នុងការបោះឆ្នោតជ្រើសរើសមាជិក ក្រុមប្រឹក្សាឃ្មុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំងគោលនយាយរបស់គណបក្សជាដើម។ ព្រះអង្គម្ចាស់ បានមានបន្ទូលកោតសរសើរចំពោះថ្នាក់ដឹកនាំគណបក្សខេត្ត ដែលនៅតែមានស្មារតីអង្គអាច ខិតខំសាមគ្គីគ្នា ក្នុងការប្រមែលប្រមូល ចង់ក្រងសមាជិកគាំទ្រយ៉ាងសកម្មនៅមូលដ្ឋាន។

ព្រះអង្គម្ចាស់ ចក្រាវុធ បានប្រកាសថា ទ្រង់នឹងយាងចុះទៅតាមបណ្ដារាជធានី-ខេត្ត ផ្សេងៗទៀត ដើម្បីប្រមែប្រមូលអ្នករាជានិយម និងអ្នកគាំទ្រឡើង ដើម្បីធ្វើឱ្យគណបក្សហ៊្វុនស៊ិនប៉ិច ក្លាយជាកម្លាំងជាតិដ៏រឹងមាំ ហើយនឹងបន្តចូលរួមថែរក្សា ការពារសន្តិភាព ស្ថេរភាព នយោបាយ និងការអភិវឌ្ឃន៍ ដែលជាសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។

គណបក្សហ៊្វុនស៊ិនប៉ិច ធ្លាប់ជាគណបក្សធំមួយ ដែលទទួលបានអសនៈក្នុងរដ្ឋសភា និងចូលរួមដឹកនាំរដ្ឋាភិបាល ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ ក្រោយមក គណបក្សនេះបានបែកបាក់ជាបន្តបន្ទាប់ ចុះទន់ខ្សោយបន្តិចម្តងៗ រហូតគ្មានអសនៈទាល់តែសោះ នៅក្នុងរដ្ឋសភា៕