(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធសហគមន៍ឌីជីថលកម្ពុជា (Digital Community of Cambodia)។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។

សេចក្ដីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា ស្របតាមគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល និងដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ក្រសួងបានបង្កើតប្រព័ន្ធ «សហគមន៍ឌីជីថលកម្ពុជា»

ប្រព័ន្ធនេះ បង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំបុគ្គល ដែលមានគុណវុឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុងប្រទេស និងក្រៅប្រទេស ចុះឈ្មោះចូលប្រើប្រាស់ប្រព័ន្ធ ដើម្បីទទួលបានឱកាសក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ខ្លួន ឱកាសការងារល្អ ការចែករំលែកចំណេះដឹងនិងបទពិសោធទៅវិញទៅមករវាងអ្នកជំនាញ ព្រមទាំងព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងគោលនយោបាយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានផងដែរ។

ក្រសួងសូមលើកទឹកចិត្តដល់ មន្ត្រីរាជការ បុគ្គលិកឯកជន និស្សិត បញ្ញវន្ត និងសាធារណជន ដែលមាន ជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលទាំងអស់ ចូលរួមក្នុងការប្រើប្រាស់ប្រព័ន្ធនេះ ដោយធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់ https://dcc.gov.kh

សម្រាប់មតិកែលម្អ ឬព័ត៌មានបន្ថែមទាក់ទងនឹងរបៀបប្រើប្រាស់ សូមធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៧៦ ៦១៧១ ២០៤ ឬតាមរយៈអីមែល [email protected]