(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យទី២៣ ខែមករា ឆ្នាំ២០២២ លោក ឃួង ស្រេង ប្រធានគណកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារជួយខណ្ឌព្រែកព្នៅ និងលោកស្រី ជា ស៊ីណា ឃួងស្រេង បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា នៅតាមសង្កាត់ទាំង៥ជាបន្តបន្ទាប់ នៅក្នុងខណ្ឌព្រែកព្នៅ ដើម្បីត្រៀមលក្ខណៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា សង្កាត់ នាពេលខាងមុខ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានផ្តាំផ្ញើដល់សមាជិកសមាជិការក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាថែមទៀត ទៅលើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលបានមករកអាជ្ញាធរឲ្យជួយ ជំរុញការអភិវឌ្ឍន៏មូលដ្ឋាន ជាពិសេសទៀតនោះ គឺបន្តពង្រឹងសុន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន តាគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ដែលធ្វើឲ្យប្រជាពលរដ្ឋ មានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តមានសុខដុមរមនាក្នុងការរស់នៅ និងប្រកបរបររកស៊ីលើកតំកើងជីវភាពគ្រួសារ។

លោក ឃួង ស្រេង បន្តថា យើងជាអ្នកបំរើ ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយប្រជាពលរដ្ឋនោះទេ ពេលបងប្អូនមានការលំបាកយើងជាអ្នកចេញមុខដោះស្រាយ និងគិតគូរពីសុខទុក្ខរបស់បងប្អូន។ លោកបន្តទៀតថា អ្នកការពារ និងអ្នកអភិវឌ្ឍន៍ជាតិ មានមុខដដែលៗ គឺគណបក្សប្រជាជនកម្ពុជា ជាពិសេសស្ថាបនិកសន្តិភាពតែម្នាក់គត់ ដែលបានលៈបង់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាជន គឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រជាធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាតាមសង្កាត់ទាំង៥ បានឲ្យដឹងថា ក្រោយពីលោក ឃួង ស្រេង បានចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅ បានធ្វើឲ្យភូមិសាស្ត្រខណ្ឌទាំងមូលមានការអភិវឌ្ឍន៏ប្រែមុខមាត់ថ្មីយ៉ាងលឿន ជាពិសេសហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់កើតមានខ្វាត់ខ្វែង សំណង់បុរី សំណង់លំនៅដ្ឋាន អគារសាធារណៈនានា បានកើតឡើងយ៉ាងព្រោងព្រាតនឹកស្មានមិនដល់ធ្វើអោយតំបន់ព្រែកព្នៅ ដែលពីមុនហាក់នៅឆ្ងាយពីទីក្រុង តែព្រែកព្នៅ ពេលនេះពោរពេញទៅដោយការអភិវឌ្ឍន៍ប្រកបដោយមោទកភាព៕