(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាល ខេត្តព្រះសីហនុ បានថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះថា លោកបានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ បានបន្ដដឹកជញ្ជូនទឹក និងនំប៉័ងយកទៅចែកជូនប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ចំនួន២៤០គ្រួសារ នៅភូមិកំពង់ស្នាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «សម្រាប់ថ្ងៃនេះ យើងបានចែកទឹកអស់៨ឡាន(ឡានដឹកទឹកលក់)និងចែកទឹកសុទ្ធអស់៥៧០យួរ ព្រមទាំងចែកនំប៉័ងដល់ក្មេងៗចំនួន៣៥០ ដើមផងដែរ គិតជាថវិកាសរុបចំនួន២.៧៤៦.០០០រៀល»

លោកឧត្តមសេនីយ៍ ក៏បានសន្យានៅមុខមេភូមិ និងប្រជាលពលរដ្ឋថា នឹងជួយស្តារស្រះទឹក១កន្លែងទំហំ១០មx៣០ម និងទិញស៊ីទែនទឹកធំមួយដាក់នៅទីធ្លាសាលារៀន ក្នុងភូមិនេះតែម្តង។ សូមបញ្ជាក់ថា ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ លោកស្នងការ បានដឹកនាំកម្លាំងនគរបាល ដឹកទឹកយកទៅឲ្យប្រជាពលរដ្ឋនៅតាមឃុំស្រុកព្រៃនប់ និងនៅសង្កាត់ទំនប់រលក ក្រុងព្រះសីហនុ ក្រោយពីពួក បានដាច់ទឹកប្រើប្រាស់ដោយសារតែ ទឹកនៅតាមអណ្តូង ស្ទឹង ប្រឡាយ រីងស្ងួតជាបណ្តើរៗ។

សូមបញ្ជាក់ថា នៅថ្ងៃម្សិលមិញ ពីស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ឲ្យមន្រ្តីទាំងអស់ ប្រើយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ មិនត្រូវឲ្យប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្វះទឹកនោះទេ ហើយសម្តេចប្រកាសមិនឲ្យក្រសួងនានា កោះហៅអភិបាលខេត្តឡើងទៅប្រជុំនោះ ដោយទុកពេលវេលាឲ្យអភិបាលខេត្តទាំងអស់ ប្រើយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ៕