(បាត់ដំបង)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំរកា និងឃុំកំពង់ព្រៀង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីចែករង្វាន់ ជូនសិស្សានុសិស្សប្រឡង ជាប់មធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A និង B នៅឃុំរកា និងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

លោក កែវ រ៉េមី បានថ្លែងអបអរសាទរដល់សិស្សានុសិស្សទាំងអស់ ដែលបានខិតខំសិក្សារៀនសូត្រ រហូតប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនៅឆ្នាំសិក្សានេះ ជាពិសេសសូមកោតសរសើរ និងអបអរសាទរដល់សិស្ស ដែលទទួលបាននិទ្ទេស A និង B ទាំង៦រូប នៅឃុំទាំងពីរ។

លោកបានផ្ដាំផ្ញើឲ្យក្មួយៗទាំងអស់ ត្រូវបន្តខិតខំសិក្សាបន្ថែមទៀត នៅកម្រិតឧត្តមសិក្សា និងថ្នាក់បច្ចេកទេសជំនាញ ដើម្បីកសាងសមត្ថភាព ឲ្យបានពូកែឈានទៅស្វែងរកការងារ និងការប្រកបវិជ្ជាជីវៈ នាពេលនាពេលអនាគត។ នាឱកាសនោះលោក កែវ រ៉េមី ក៏បានប្រកាសជូនពីដំណឹងអាហារូបករណ៍ ចំនួន៣៣កន្លែង (បរិញ្ញាប័ត្រ និងបរិញ្ញាប័ត្ររង) សម្រាប់សិស្សានុសិស្ស នៅឃុំរកា និងឃុំកំពង់ព្រៀង ដោយផ្ដល់ជាអាទិភាពចំពោះសិស្សក្រីក្រ។

ក្រុមការងារបានចែករង្វាន់ជូនសិស្សនិទ្ទេស A នូវម៉ូតូ Honda Wave ១គ្រឿង ហើយសិស្សនិទ្ទេស B ទទួលបានកុំព្យូទ័រយួរដៃ១គ្រឿង។

ក្រុមការងារ ក៏បានជូនសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សស្រុក នាយកសាលា លោកគ្រូ មេឃុំ ចំនួន១០នាក់ នូវក្រមា១ ម៉ាស១កញ្ចប់ និងថវិកា ៥០,០០០រៀល ហើយនិងជូនសិស្សានុសិស្ស យុវជនគណបក្ស នៅឃុំទាំងពីរ នគរបាល អ្នកអនាម័យ សរុបចំនួន២២០នាក់ ដោយម្នាក់ៗទទួលបានក្រមា១ ម៉ាស១កញ្ចប់ ថវិកា២០,០០០រៀល។

សូមជម្រាបជូនថា ឆ្នាំសិក្សា២០២០-២០២១នេះ នៅឃុំកំពង់ព្រៀងមានសិស្សនិទ្ទេស A ចំនួន១នាក់ និទ្ទេស B ចំនួន៣នាក់ ចំណែកនៅឃុំរកាមាននិទ្ទេសB ចំនួន២នាក់៕