(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារមូលដ្ឋាន ស្រុកកំពង់ស្វាយ និងក្រុមការងារបាននាំយកថវិកាចំនួន៣លានរៀល ប្រគេនព្រះសង្ឃនៅវត្តបាគង ក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ស្ថិតនៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។

លោកស្រី ឃួន ឃុនឌី បានបញ្ជាក់ថា ក្រោមការខិតខំប្រឹងប្រែងរបស់ប្រមុខនៃរាជរាជរដ្ឋាភិបាល ស្ថាប័នជំនាញពាក់ព័ន្ធ ព្រមទាំងការលះបង់របស់កងទ័ពអាវសជួរមុខ អាជ្ញាធរដែនដី រួមទាំងការចូលរួមសហការដោយប្រជាពលរដ្ឋ ដែលប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថាកម្ពុជាកាត់បន្ថយបាននូវចំនួនឆ្លងកូវីដ-១៩ ហើយចំនួននៃអ្នក ជាសះស្បើយ ក៏បានបង្ហាញនៅក្នុងតារាងតួរលេខប្រចាំថ្ងៃផងដែរដែលនេះគឺជាមោទនភាពរបស់កម្ពុជា ការងើបឈរឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា។

លោកស្រីក៏បានសំណូមពរដល់ព្រះសង្ឃ ក៏ដូចអាជ្ញាធរឃុំ ភូមិ បង្កើនការយកចិត្តអប់រំ ផ្សព្វផ្សាយបន្តដល់ប្រជាពុទ្ធបរិស័ទ នូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលនិងសេចក្តីណែនាំវិធានការរបស់ក្រសួងសុខាភិបាល ពីព្រោះថា កូវិដវាមិនភ្លេចយើងទេមានតែយើងទេភ្លេចកូវីដ ។

លោកស្រីបន្តថា ការនាំយកបច្ច័យប្រគេនដល់ព្រះសង្ឃ គឺដើម្បីគោរពដួងវិញ្ញាណក្ខន្ធបុព្វបុរសបុព្វការីជន យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងដួងវិញ្ញាណក្ខន្ធបុព្វការីជន មានជីដូនជីតាញាតិការ៧សណ្តាន ដែលបានធ្វើមរណកាលទៅហើយនោះ ក៏ដូចជាការចូលរួមជាមួយ និងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋផងដែរ។

គួរបញ្ជាក់ថា ថវិកា៣លានរៀលនេះ មានថវិកាលោកស្រី ឃួន ឃុនឌី ២លានរៀល និងថវិកា លោក សួន ឡុញ ១លានរៀល និង ថវិកាក្រុមការងារ៣២ម៉ឺនរៀល។
ជាមួយគ្នានេះដែរលោកស្រី បានផ្តល់ថវិកា និងក្រមាដល់អ្នកចូលរួមផងដែរ៕