(ស្វាយរៀង)៖ មានការភ្ញាក់ផ្អើល នៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយមានបុរសម្នាក់ដេក ស្លាប់មានស្នាមរបួសលើដងខ្លួន ជំហានដំបូងស្មានតែជាអំពើឃាតកម្ម នៅវេលាម៉ោងទៀបភ្លឺ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។

លោក ប៉ាង ឡេង នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ បានឲ្យភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង ឲ្យដឹងនៅថ្ងៃទី២៣ ខែមករានេះថា កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រហែល៨៖០០នាទី មានមនុស្សស្លាប់នៅច្រកទ្វារអន្តរជាតិពរៃវល្លិ៍ គឺមិនមែនជាអំពើរឃាតកម្មនោះទេ តែជាគ្រោះថ្នាក់ ដោយចៃដន្យមួយ ដោយសារអ្នកបើកបររថយន្តស្ទួចទូរកុងតឺន័រ គ្មានការប្រុងប្រយ័ត្នធ្វើឲ្យគៀបមនុស្សស្លាប់ និងទូរកុងតឺន័រមួយទៀត ដែលនៅក្បែរគ្នា។

លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ បានឲ្យដឹងទៀតថា បច្ចុប្បន្នរថយន្តបង្កហេតុ យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មី ស្រុកកំពង់រោទិ៍ រីឯសាកសពបុរសរងគ្រោះជាជនជាតិខ្មែរ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបង្កហេតុបានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពង់ធ្វើការស្រាវជ្រាវបន្ត៕