(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២នេះ បានរៀបចំពិធីទទួល និងដង្ហែរជ័យលាភី «ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៣ឆ្នាំ២០២២-២០២៤» នៅមុខសាលាខេត្ត ក្រោមវត្តមានលោក សុខ លូអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកខេត្ត-ក្រុង សង្កាត់ មន្រ្តីរាជការ កងកម្លាំង ប្រជាពលរដ្ឋចូលរួមផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានរៀបរាប់ពីប្រវត្តិសង្ខេបនៃការរៀបចំលម្អក្រុងតាំងដំបូង ដែលបានការចូលរួមពីប្រជាពលរដ្ឋផងនោះ រហូតដល់ទីក្រុងយើងបានទទួលបានជ័យលាភីទីក្រុងស្អាតលាភីជាបន្តបន្ទាប់។

លោក សុខ លូ បានថ្លែងថា ជាកិត្តិយសណាស់ដែលខេត្តបាត់ដំបង យើងបានទទួលជាប់ចំណាត់ថ្នាក់ជ័យលាភីទីក្រុងស្អាតថ្នាក់អាស៊ាន ហើយជ័យលាភីនេះ មិនមែនបានមកដោយឯងៗនោះទេ បើគ្មានការខិតខំប្រឹងប្រែង ជ្រោមជ្រែងពីថ្នាក់ដឹកនាំកំពូលរហូតថ្នាក់មូលដ្ឋាននិងក៏មានការចូលរួមពីប្រជាពលរដ្ឋក្រុងផងនោះ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ជួសមុខឲ្យប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តបាត់ដំបង សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងសម្តែងនូវការអបអរសាទរ ក្នុងឱកាសដែលប្រទេសកម្ពុជាយើង បានធ្វើជាប្រធានផ្លាស់វេនអាស៊ានក្នុងឆ្នាំ២០២២នេះ ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែនជាប្រធាន ហើយប្រទេសកម្ពុជាយើងបានទទួលជ័យលាភីក្រុងចំនួន៣ មានក្រុងព្រះសីហនុ, ក្រុងសៀមរាប និងក្រុងបាត់ដំបងយើងតែម្តង និងមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបងផងដែរ។

លោក សុខ លូ បានបន្តថា ជ័យលាភីដែលយើងទទួលបាននេះ គឺបានមកពីការខិតខំប្រឹងប្រែងសហការ ជាមួយក្រសួងជំនាញគឺក្រសួងទេសចរណ៍ ដែលលោករដ្ឋមន្រ្តី ថោង ខុន និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនទៀត បានចូលរួមទើបកម្ពុជាយើងមានមោទនភាពទទួលបានជ័យលាភីថ្នាក់អាស៊ានបានជាបន្តបន្ទាប់ ដល់ពេលចុងក្រោយនេះ។

សូមបញ្ជាក់ថា ខេត្តបាត់ដំបងយើងធ្លាប់ទទួលបានជ័យលាភីជាបន្តបន្ទាប់ក្នុងនោះមាន៖
* ជ័យលាភីទីក្រុងនិរន្តភាពបរិស្ថានស្អាតចំនួន១លើក
* ជ័យលាភីទីក្រុងស្អាតផ្ការំដួល៣ទង លំដាប់ពិន្ទុឈានមុខចំនួន២លើក
* ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានចំនួន២លើក គិតទាំងជ័យលាភី ដែលយើងទទួលបាននៅថ្ងៃនេះ។

លោកបានថ្លែងបន្តទៀតថា ជ័យលាភីទាំងប៉ុន្មានលើកដែលយើងទទួលបានខាងលើ គឺជាជ័យលាភីរបស់ប្រជាពលរដ្ឋ និងមុខមាត់របស់ប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបង យើងទាំងអស់គ្នា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមរក្សាជ័យលាភីនេះ បានជាបន្តទៀតឲ្យបានយូរអង្វែង និងជាកិត្តិយស ខេត្តបាត់ដំបងយើងផងដែរ និងសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋយើងដែលតែង តែបានចូលរួមសហការជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ដើម្បីលម្អក្រុង រហូតទទួលបានជ័យលាភីជាច្រើនលើកនេះ។

ក្រោយការថ្លែងអបអរសាទររួចមក ថ្នាក់ដឹកនាំខេត្ត.ក្រុង កងកម្លាំង មន្រ្តីរាជការ ក្រុមយុវជនប្រជាពលរដ្ឋ បានចូលរួមដង្ហែរជ័យលាភីនេះ តាមផ្លូវជុំវិញក្រុងបាត់ដំបង ជាកិច្ចបញ្ចប់៕