(កោះកុង)៖ លោក គង់ សារាជ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងប្រធានគណៈកម្មការសាធារណៈការ និងដឹកជញ្ជូនអាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ឧស្សាហ៍កម្មរ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងមានការអមដំណើរដោយ លោក ថុង ចន់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ លោក ឡុង ស្រូយ និងលោកស្រី ថោង ថាវរី នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បាននាំអំណោយសប្បុរសជន ផ្តល់ជូនរដ្ឋបាលខេត្តកោះកុង ដោយការទទួលស្វាគមន៍ដោយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមន្រ្តីក្រោមឱវាទ។

លោក គង់ សារាជ បានថ្លែងថា ក្នុងសម័យកូវីដ-១៩ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លៀសវ៉ៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោបានខិតខំប្រឹងប្រែង ពុំគិតពីការនឿយហត់ដើម្បីប្រទេសជាតិ ដើម្បីប្រជាពលរដ្ឋក្នុងសម័យកូវីដ-១៩នេះ ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ គ្រប់មូលដ្ឋានដោយមិនបានគិត ពីនិន្នាការនយោបាយណាមួយឡើយ។ ហើយអ្វីដែលសំខាន់នោះ ក៏មានស្បុរសជនដែលគាត់ជីវភាពធូរធារ បានធ្វើសិល្បៈចែករំលែកជូនបងប្អូន ដែលមានការខ្វះខាតក្នុងជីវភាពផងដែរ នេះគឺខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាមានទុក្ខលំបាក។

លោក គង់ សារាជ បានបន្ថែមថា អំណោយទាំងនេះ វាតិចតួចមែនតែវាគឺសិល្បៈចែករំលែក អាចជួយសម្រួលដល់ជីវភាព ក្នុងគ្រួសារបងប្អូនបានមួយគ្រាផងដែរ។ ក្នុងគ្រានេះ លោកសូមឲ្យបងប្អូនអនុវត្តពីការផ្សព្វផ្សាយណែនាំអបរំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ៣ការពារ ៣កុំ មានអនាម័យល្អ បរិស្ថានល្អ ក្នុងរស់នៅ។

លោកស្រី មិថុនា ភូថង បានថ្លែងថា រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់លោក គង់ សារាជ ប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងក្រុមការងារបានចំណាយពេលវេលាដ៍មានតម្លៃ បានពាំនាំអំណោយសប្បុជន មកផ្តល់ជូនរដ្ឋបាលខេត្ត ដើម្បីទុកចែកជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលគាត់មានជីវភាពខ្វះខាតក្នុងជីវភាពគ្រួសារ។

លោកស្រីបានបន្ថែមថា អំណោយទាំងនេះ លោកស្រី នឹងយកផ្តល់ជូនប្រជាពលរដ្ឋឲ្យចំគោលដៅ មិនឲ្យម្ចាស់អំណោយខកបំណងឡើយ។

សូមបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តកោះកុងទទួលបានពីសប្បុរសជនមាន៖ អង្ករ៦០០បាវ ក្នុង១បាវទម្ងន់២០គីឡូ និងសារ៉ុងចំនួន៦០០៕