(បន្ទាយមានជ័យ)៖ ដោយមានការយកចិត្តទុកដាក់ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការគិតគូរ ដល់សុខភាពរបស់មនុស្សគ្រប់រូប ក្នុងបរិបទជំងឺកូវីដ១៩ ដែលបច្ចុប្បន្នជំងឺមួយនេះ មិនទាន់រលាយផុតនៅឡើយនោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានធ្វើការបែងចែកជែលលាង សម្អាតដៃជូនដល់មន្ទីរអង្គភាពនានា ក្នុងខេត្ត ដែលទទួលបានពីថ្នាក់កណ្ដាលកាកបាទក្រហមកម្ពុជា ចំនួន៧៤០កេស ជំហានទី២ ដែលជាជំនួយរបស់ក្រុមហ៊ុន ហ័នយ៉ា ហ៊ី ចុង Cambodi a co,Ltd។

លោក អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភគាំទ្រជា បន្តបន្ទាប់ទាំងសម្ភារ និងគោលការណ៍ដឹកនាំបានទាន់ពេលមានប្រសិទ្ធភាព ព្រមទាំងលើកទឹកចិត្ត ដល់កម្លាំងប្រតិបត្តិការនៅមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

លោកបន្តថា បច្ចុប្បន្នយើង លោកកំពុងរស់ នៅជាមួយជំងឺ រាតត្បាតកូវីដ១៩ អស់រយៈពេលពីរឆ្នាំ កន្លងមកហើយ តែយើងទាំងអស់គ្នាមិនអាចដឹងថា ជំងឺដ៏កាចសាហាវនេះ វានឹងបន្តរយៈពេលប៉ុន្មានទៀត ហើយមកទល់ពេលនេះក៏នៅពុំដឹងថា វានឹងសាបសូន្យនៅពេលណានោះដែរ។

លោកថា បច្ចុប្បន្នវីរុសកូវីដ១៩ បានបម្លែងខ្លួន ដោយពិភពលោក ក៏ដូចជាប្រជាជនកម្ពុជា យើងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងឡើង ថែមលើសពីការភ័យខ្លាច នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ គឺវាបានជះឥទ្ធិពលទៅលើការផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងជីវភាព រស់នៅប្រចាំថ្ងៃ របស់ប្រជាជនយើង ក៏ដូចជាមន្ត្រីរាជការសាធារណៈជាដើម៕