(តាកែវ)៖ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ បានលើកឡើងនូវ ខ្លឹមសារសំខាន់ៗមួយចំនួនដែលគណប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចបានយ៉ាងល្អជូនជាតិ មាតុភូមិកម្ពុជា ជូនដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋ នៅឃុំព្រះបាទជាន់ជុំស្រុកគិរីវង់ ខេត្តតាកែវ។

ការលើកឡើងបែបនេះរបស់លោក សុខ សូកាន បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងសន្និបាតគណៈកម្មាធិការ​គណបក្សប្រជាជនកម្ពុជា ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីបូកសរុបលទ្ធផលសកម្មភាពការងារអាណត្តិទី៤ (២០១៧-២០២២) និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អភិវឌ្ឍឃុំព្រះបាទជាន់ជុំ អាណត្តិទី៥ (២០២២-២០២៧)។

សន្និបាតនេះមានការចូលរួមពី លោក សេង សក្តា ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំព្រះបាទជាន់ជុំ, លោកស្រី លឹម ប៊ុនលី តំណាងគណបក្សខេត្ត, ប្រធានគណៈកម្មាធិការគណបក្សស្រុក, អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ, គណៈកម្មាធិការគណបក្សឃុំ, សាខាបក្សចំណុះគណបក្សឃុំ, សាខាបក្សភូមិ, ព្រមទាំង សមាជិក សមាជិកាបក្សសរុបទាំងអស់ ៨៨នាក់ ដែលការជួបជុំនេះបានគោរពយ៉ាងខ្ជាប់ខ្ជួនទៅតាមវិធានសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ដោយមានការធ្វើតេស្ដរហ័សចំពោះអង្គសន្និបាតទាំងអស់ដែលបានចូលរួមផងដែរ។

លោក គឹម សំអាត ប្រធានគណៈកម្មាធិការគណបក្សឃុំព្រះបាទជាន់ជុំ បានឡើងរាយការណ៍អំពីលទ្ធផលការងារដែលសម្រេចបានក្នុងអាណត្តិទី៤ និង ផែនការអភិវឌ្ឍន៍ឃុំសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ដោយមានការលើកដៃអនុម័តពីអង្គសន្និបាត ចំពោះឯកសារទាំងពីរនេះផងដែរ។

លោក សេង សក្តា បានថ្លែងសន្ទរកថាស្វាគមន៍ និងផ្ដល់អនុសាសន៍ណែនាំពាក់ព័ន្ធនឹងទិសដៅការងារ និងការពង្រឹងសតិអារម្មណ៍ដល់បេក្ខជនទាំង ២៤រូប ដែលត្រូវបានជ្រើសរើសជាផ្លូវការសម្រាប់ឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។

ក្នុងសន្និបាតនេះដែរ លោក សុខ សូកាន បានគូសបញ្ជាក់ដល់អង្គសន្និបាតនូវចំណុចគន្លឹះសំខាន់ៗចំនួន៣ ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖

*ទី១៖ សូមកោតសរសើរខ្ពស់ចំពោះគណៈកម្មាធិការគណបក្សឃុំ និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះបាទជាន់ជុំ ដែលបានសហការគ្នាយ៉ាងល្អ និងខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សក្នុងការអភិវឌ្ឍឃុំ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា រហូតសម្រេចបាននូវសមិទ្ធផលនានាទាំងឡាយក្នុងអាណត្តិទី៤ ដែលជាការរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជន នៅក្នុងឃុំព្រះបាទជាន់ជុំ។

*ទី២៖ សូមអបអរសាទរដល់បេក្ខជនទាំងអស់ដែលត្រូវបានជ្រើសរើសជាផ្លូវការសម្រាប់ចូលរួមឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ខាងមុខ និងបានណែនាំដល់បេក្ខជនទាំងអស់ឱ្យមានសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងខ្ពស់ ព្រមទាំងត្រូវខិតខំបន្តបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យរឹតតែសកម្មខ្លាំងក្លា និងមានប្រសិទ្ធភាព ដោយត្រូវចុះជាប់ស្និទ្ធនឹងប្រជាពលរដ្ឋ ហើយក្តាប់ឱ្យបាននូវរាល់សំណូមពររបស់ពួកគាត់ ដើម្បីដោះស្រាយនិងចងក្រងជាគំនិតក្នុងការបំផុសចេញជាគោលនយោបាយ និងផែនការអភិវឌ្ឍន៍នានាក្នុងមូលដ្ឋាន និងត្រូវអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងឆ្នាំ២០២២នេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។ ជាពិសេស ត្រូវខិតខំកសាងកម្លាំង និងត្រូវធ្វើជាស្នូលនៃសាមគ្គីភាពរបស់សមាជិកបក្ស ដោយត្រូវធានាឱ្យបាន «សមាជិកគណបក្សយើង១រូប គឺជាសម្លេងឆ្នោតគាំទ្រគណបក្ស១សន្លឹក» ដើម្បីសម្រេចដណ្តើមជ័យជម្នះទាំងស្រុងក្នុងការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខ។

*ទី៣៖ ពាក់ព័ន្ធនឹងបញ្ហាវិបត្តិជំងឺកូវីដ១៩ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ ប្រទេសកម្ពុជាបានសម្រេចជោគជ័យគួរជាទីមោទនៈលើការចាក់វ៉ាក់សាំង ដោយសម្រេចបាន ៨៩,៣៨% ធៀបនឹងចំនួនប្រជាជនសរុបដែលការណ៍នេះ អាចធ្វើឱ្យយើងវិលទៅរកការរស់នៅជាធម្មតាជាបណ្តើរៗ ស្របតាមគន្លងប្រក្រតីភាពថ្មី។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់លើការគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទោះក្នុងដំណាក់កាលនៃជំងឺកូវីដ១៩នេះ ដោយបានដាក់ចេញនូវវិធានការណ៍អន្តរាគមន៍ជំនួយសង្គមជាច្រើនជុំ រួមទាំងការផ្ដល់ភ្លាមៗនូវអាហារ សម្ភារៈ និងបរិក្ខារចាំបាច់នានា ជូនដល់ក្រុមគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងអ្នកដែលបានឆ្លងជំងឺកូវីដ-១៩ ព្រមទាំងក្រុមគ្រួសារដែលមានសមាជិកស្លាប់ដោយជំងឺកូវីដ១៩។

ឆ្លៀតក្នុងឱកាសនេះ លោកបានថ្លែងអំណរគុណជាអនេកចំពោះ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សហគមន៍កសិកម្ម មូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់ និងប្រជាពលរដ្ឋនៃស្រុកគិរីវង់ ដែលបានឧបត្ថម្ភថវិកាចំនួន ៦៦,៦៦២,៥០០លានរៀល ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ ទិញវ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩ និងថ្លែងអំណរគុណដល់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមជាកម្លាំងសាមគ្គីដ៏រឹងមាំការពារថែរក្សាសុខភាពអាយុជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងស្រុកគិរីវង់ បានរួចផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការឧបត្ថម្ភជាថវិកាសម្រាប់សាងសង់មណ្ឌលចត្តាឡីស័កទាំងពីរកន្លែងសម្រាប់ថ្នាក់ស្រុក និងរៀបចំមណ្ឌលចត្តាឡីស័កនៅតាមសាលារៀន វត្តអារាម នៅតាមឃុំនីមួយៗ ដោយមានទាំងការផ្គត់ផ្គង់អាហារ សម្ភារប្រើប្រាស់ សម្ភារសុខាភិបាលជូនលោកគ្រូអ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ។

លោកក៏បានស្នើសុំដល់សមាជិកគណបក្សទាំងអស់ចលនាប្រជាជនដែលពុំទាន់បានចាក់វ៉ាក់សាំងដូសជំរុញ សូមទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់ៗគ្នាដើម្បីការពារអាយុជីវិតពីការឆ្លងជំងឺកូវីដ១៩៕