(ភ្នំពេញ)៖ ដេីម្បីចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ កាកបាទក្រហមកម្ពុជា បានបន្តបេសកកម្មប្រគល់ជែលលាងដៃជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដែលជាខេត្តទី១៨ និងសាខាកាកបាទក្រហមកម្ពុជា ខេត្តកែប ខេត្តទី១៩ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

ការបន្តចុះផ្តល់ជែលនេះបានធ្វើឡើង បន្ទាប់បានទទួលជែលលាងដៃជាជំហានទី២ ចំនួន ១៦,២០០កេស (ស្មើនឹង ២៥៩,២០០ដប) ពី ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក។

ទន្ទឹមនឹងនោះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តចាត់សហការី ចុះបេសកកម្មប្រគល់ជែលលាងដៃចំនួន ៨០១កេស (ស្មើនឹង ១២.៨១៦ដប) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត និងចំនួន ៧០០កេស (ស្មើនឹង ១១,២០០ដប) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកែប ដើម្បីប្រើប្រាស់ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ ជាមួយនឹងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការសាខា-អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយសម្រាលការលំបាកជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបានរួមចំណែកទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ តាមរយៈ ការអប់រំផ្សព្វផ្សាយពីវិធានការនានារបស់ក្រសួងសុខាភិបាល ការផ្តល់អំណោយជាស្បៀងអាហារ ក៏ដូចជា ការអប់រំផ្សព្វផ្សាយ លើកកម្ពស់សុខភាពសាធារណៈ ការកសាងភាពធន់ក្នុងសហគមន៍ និងការងារគ្រប់គ្រងគ្រោះមហន្តរាយ។ល។

ជាមួយគ្នានេះ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមគ្រូពេទ្យជួរមុខនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលជាវីរជនអាវស បានជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់តាំងពីដំណាក់កាលឆ្លងរីករាលដាលធ្ងន់ធ្ងរក្នុងសហគមន៍ រហូតដល់សម្រេចបាននូវការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញ លើគ្រប់វិស័យ និងបានសម្រេចបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ។

ក្នុងឱកាសនោះ លោកស្រីបានអំពាវនាវចំពោះប្រជាពលរដ្ឋ «សូមចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ ព្រមទាំងបន្តពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ដើម្បី ខ្លួនឯង គ្រួសារ និងសង្គមជាតិយើង ជាពិសេសដើម្បីចូលរួមអនុវត្តនូវការប្រើប្រាស់ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ-ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ជាមួយនឹងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំនិងការវិលត្រឡប់ទៅរកមាគ៌ានៃកំណើននិងការអភិវឌ្ឍប្រកបដោយចីរភាពឡើងវិញ»។

សូមបញ្ជាក់ជូនថា សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ទទួលបានជែលលាងដៃចំនួន ៨០១កេស (ស្មើនឹង ១២.៨១៦ដប) ក្នុងនោះ សាខាផ្ទាល់ទទួលបាន ចំនួន ៥១កេស ស្មើនឹង៨១៦ដប, អនុសាខា ក្រុងកំពត ទទួលបាន ៦០កេស ស្មើនឹង ៩៦០ដប, អនុសាខា ក្រុងបូកគោ ទទួលបាន ៥០កេស ស្មើនឹង ៨០០ដប, អនុសាខា ស្រុកទឹកឈូ ទទួលបាន ៦៥កេស ស្មើនឹង ១,០៤០ដប, អនុសាខា ស្រុកកំពង់ត្រាច ទទួលបាន ៦៥កេស ស្មើនឹង ១,០៤០ដប, អនុសាខា ស្រុកបន្ទាយមាស ទទួលបាន ៨០កេស ស្មើនឹង ១,២៨០ដប, អនុសាខា ស្រុកអង្គរជ័យ ទទួលបាន ៨០កេស ស្មើនឹង ១,២៨០ដប, អនុសាខា ស្រុកឈូក ទទួលបាន ៨០កេស ស្មើនឹង ១.២៨០ដប, អនុសាខា ស្រុកជុំគិរី ទទួលបាន ៦០កេស ស្មើនឹង ៩៦០ដប, មន្ទីរពេទ្យបង្អែកខេត្តកំពត ទទួលបាន ៣០កេស ស្មើនឹង ៤៨០ដប, មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច ទទួលបាន ៣០កេស ស្មើនឹង ៤៨០ដប, មន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ ទទួលបាន ៣០កេស ស្មើនឹង ៤៨០ដប, មន្ទីរពេទ្យបង្អែកស្រុកឈូក ទទួលបាន ៣០កេសស្មើនឹង ៤៨០ដប និងមន្ទីរពេទ្យបង្អែកប៊ុនរ៉ានីហ៊ុនសែនកោះស្លា ទទួលបាន ៣០កេស ស្មើនឹង ៤៨០ដប។

ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប ទទួលបានជែលលាងដៃចំនួន ៧០០កេស (ស្មើនឹង ១១.២០០ដប) ក្នុងនោះ សាខាផ្ទាល់ទទួលបាន ៧៥កេស ស្មើនឹង១.២០០ដប, អនុសាខា ក្រុងកែប ទទួលបាន ៦០កេស ស្មើនឹង ៩៦០ដប, អនុសាខា ស្រុកដំណាក់ចង្អើរ ទទួលបាន ៦០កេស ស្មើនឹង ៩៦០ដប, មន្ទីរអប់រំយុវជន និងកីឡាខេត្ត ទទួលបាន ៨៥កេស ស្មើនឹង ១.៣៦០ដប, មន្ទីរពេទ្យបង្អែកខេត្ត ទទួលបាន ៦០កេស ស្មើនឹង ៩៦០ដប, មណ្ឌលសុខភាពព្រៃធំ ទទួលបាន ៤០កេស ស្មើនឹង ៦៤០ដប, មណ្ឌលសុខភាពអូរក្រសារ ទទួលបាន ៤០កេស ស្មើនឹង ៦៤០ដប, មណ្ឌលសុខភាពពងទឹក ទទួលបាន ៤០កេស ស្មើនឹង ៦៤០ដប, មណ្ឌលសុខភាពអង្គោល ទទួលបាន ៤០កេស ស្មើនឹង ៦៤០ដប, សាលាសង្កាត់ កែប ទទួលបាន ៤០កេស ស្មើនឹង ៦៤០ដប, សាលាសង្កាត់ព្រៃធំ ទទួលបាន ៤០កេស ស្មើនឹង ៦៤០ដប, សាលាសង្កាត់អូរក្រសារ ទទួលបាន ៤០កេស ស្មើនឹង ៦៤០ដប, សាលាឃុំពងទឹក ទទួលបាន ៤០កេស ស្មើនឹង ៦៤០ដប និងសាលាឃុំអង្កោល ទទួលបាន ៤០កេស ស្មើនឹង ៦៤០ដប៕