(ភ្នំពេញ)៖ កម្លាំងនគរបាល ខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំង នគរបាលប៉ុស្ដិ៍ជ្រោយចង្វារ ដើម្បីដាក់គោលដៅត្រួតពិនិត្យ បទល្មើសច្បាប់ចរាចរផ្លូវគោកថ្មី បានឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ បន្ទាប់ពីឆែកឆេររកឃើញថ្នាំញៀន ចំនួន២កញ្ចប់ ជាប្រភេទម៉ាទឹកកក រួមទាំងដកហូតម៉ូតូ ចំនួន២គ្រឿងផងដែរ។

ជនត្រូវសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនបាននៅវេលាម៉ោង៤៖៣០នាទីល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខវត្តកៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខ៦A  ស្ថិតក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

លោក ឯក សេរីវុធ អធិការរងខណ្ឌជ្រោយចង្វារ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ខណៈដែលកម្លាំងនគរបាល ខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងសមត្ថកិច្ច ប៉ុស្ដិ៍ជ្រោយចង្វារ ទទួលបានផែនការដឹកនាំពីលោក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារ ដើម្បីដាក់គោលដៅត្រួតពិនិត្យ ច្បាប់ចរាចរផ្លូវគោកថ្មីនោះ ស្របពេលជនសង្ស័យមានគ្នា៤នាក់ បានជិះម៉ូតូ២គ្រឿង ឆ្លងកាត់គោលដៅ ត្រួតពិនិត្យ ដោយមានការសង្ស័យ លើជនទាំង៤នាក់នេះ សមត្ថកិច្ចក៏បានធ្វើការឆែកឆេរ ភ្លាមៗនោះក៏បានរកឃើញថ្នាំញៀនចំនួន ២កញ្ចប់តូច ជាប្រភេទម៉ាទឹកកក ដែលជនទាំងនោះបានរក្សាទុក ដើម្បីប្រើប្រាស់ជាមួយគ្នា៕