(ស្វាយរៀង)៖ លោក សម តារា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស និងផ្សព្វផ្សាយលទ្ធផលសន្និបាត របស់គណៈកម្មាធិការកណ្តាល លើកទី៤៣ និងផែនការឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោកអនុប្រធានបានជំរុញ សមាជិកសមាជិការ ត្រៀមរៀបចំឲ្យបានហ្មត់ចត់ នូវកិច្ចការនានា សម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយត្រូវពង្រឹង និងថែរក្សាស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោលជំហរនយោបាយ សតិអារម្មណ៍ និងការចាត់តាំង។

លោកជំរុញឲ្យអាជ្ញាធរ យកចិត្តទុកដាក់ ពង្រឹងគោលនយោបាយ ភូមិ-ឃុំ មានសុវត្តិភាព និងយកចិត្តទុកដាក់ទៅលើកត្តាធនធានមនុស្ស តាមរយៈការអប់រំ បណ្ដុះបណ្តាល ឲ្យមានចំណេះដឹង ជំនាញ ដោយឈរលើគោលការណ៍គ្រឹះនៃសីលធម៌។

ជាមួយគ្នានេះ លោកបានជំរុញឲ្យប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ពង្រឹង និងពង្រីកសេដ្ឋកិច្ចគ្រួសារ តាមរយៈការងារកសិកម្ម បង្ករបង្កើនផល និងការធ្វើអាជីវកម្មខ្នាតតូច ដោយឈរលើស្មារតីសន្សំសំចៃ ការចំណាយមានផែនការ និងគោលដៅច្បាស់លាស់ និងជាពិសេសត្រូវយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួន និងគ្រួសារ និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩ តាមរយៈបន្តផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្តេចតេជា ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្លួន។

ក្នុងពិធីសំណេះសំណាលនោះ លោក សម តារា ក៏បានចែកអំណោយ ដល់អ្នកចូលរួមចំនួន៥១នាក់ សរុបថវិកាចំនួន ៨លានរៀលផងដែរ៕