(មណ្ឌលគិរី)៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ កូរ៉េ KOICA (កយការ) និងក្រសួងសុខាភិបាល បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារសម្ភព និងថែទាំទារក នៃគម្រោងពង្រឹងសុខភាពមាតា និងទារក នៅមន្ទីរពេទ្យបង្អែកកោះញែកខេត្តមណ្ឌលគិរី។

ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក ផាក ហ៊ឹងក្យុង (H.E. Park Heung-Kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា និងលោក ហ្សន់ជូន រ៉ូ (Hyunjun RHO) នាយកទីភ្នាក់ងារ KOICA ប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការចូលរួមពីលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

អភិបាលខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលបានជួយគាំទ្រថវិកា លើគម្រោងសុខភាពមាតា និងទារក ដែលគម្រោងនេះ គឺពិតជាមានសារៈសំខាន់ សំរាប់គាំពារសុខុមាលភាព ប្រជាជនក្នុងខេត្តមណ្ឌលគិរី ព្រមទាំងបានរួមចំណែកក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ឲ្យកាន់តែមានគុណភាពប្រសើរឡើងបន្ថែមទៀត។

លោកអភិបាលខេត្ត ក៏បានស្នើសុំឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ជួយផ្តល់នូវគម្រោងសាងសង់អគារមន្ទីរពេទ្យបង្អែកកែវសីមា និងមន្ទីរពេទ្យបង្អែកតាមបណ្ដាស្រុកផ្សេងៗទៀត និងស្នើសុំជួយសាងសង់អគារបន្ថែម នៅតាមបណ្ដាលមន្ទីរពេទ្យបង្អែក និងផ្ដល់សំភារៈបរិក្ខារសុខាភិបាលសម្រាប់ផ្គត់ផ្គង់ការងារសុខាភិបាល ព្រមទាំងជួយបណ្ដុះបណ្ដាលជំនាញសមត្ថភាព មន្ត្រីសុខាភិបាលអោយមានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារ។

លោក ផាក ហ៊ឹងក្យុង (H.E. Park Heung-Kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា បានចាត់ទុកថា ប្រទេសកម្ពុជាជាប្រទេសដៃគូរដ៏សំខាន់ ចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់សាធារណរដ្ឋកូរ៉េ។ សាធារណរដ្ឋកូរ៉េ បានចាប់ផ្តើមផ្តល់ជំនួយមនុស្សធម៌មកដល់កម្ពុជា ក្នុងកម្រិតដ៏តូចក្នុងដើមឆ្នាំ១៩៩០។

លោកថា «នាពេលបច្ចុប្បន្ននេះ ភាពជាដៃគូរក្នុងជំនួយអភិវឌ្ឍន៍នេះ បានពង្រីកយ៉ាងធំធេង ដែលមាននៅក្នុងវិស័យនានាដូចជា សុខាភិបាល អប់រំ ឧស្សាហកម្ម ប្រព័ន្ធព័ត៌មានវិទ្យា និងវប្បធម៌។ អគារសម្ភព និងថែទាំទារក នៃគម្រោងពង្រឹងសុខភាព មាតា និងទារក នឹងដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សេវាថែទាំសុខភាព យ៉ាងល្អប្រសើរទៅកាន់ម្តាយនិងទារកនៅក្នុងខេត្តមណ្ឌលគិរី ពិសេសស្រុកកោះញែកតែម្ដង ដែលនឹងក្លាយជាផ្នែក នៃការអភិវឌ្ឍមួយចំពោះប្រព័ន្ធសុខាភិបាលនៅក្នុងតំបន់នេះផងដែរ»។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានលើកឡើងថា «គម្រោងពង្រឹងសុខភាពមាតា និងទារកនៅតំបន់ភាគឦសាននៃប្រទេសកម្ពុជា ដែលត្រូវបានគេស្គាល់ថា ជាគម្រោង «គីរី» បានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២០ ជាមួយនឹងមូល និធិចំនួន៧លានដុល្លារ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ KOICA។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើង នូវគុណភាពនៃការផ្តល់សេវាសុខភាពមាតា និងទារក ការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពមកទទួល សេវាសុខភាពមាតា និងទារក និងការ លើកកម្ពស់ចំណេះដឹងរបស់សហគមន៍រហូតដល់ឆ្នាំ២០២៣»

សូមបញ្ជាក់ថា ក្រៅពីការផ្ដល់អគារសម្ភព និងថែទាំទារក ទីភ្នាក់ងារ KIOCA ក៏បានផ្ដល់រថយន្តសង្គ្រោះចំនួន៣គ្រឿង ដល់មន្ទីរសុខាភិបាលខេត្តដើម្បីប្រើប្រាស់ជាមធ្យោបាយសម្រាប់ដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យបានឆាប់រហ័ស៕