(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យឡើងវិញ ពាក់កណ្តាលអាណត្តិ នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ (២០១៩-២០២៣) នាថ្ងៃទី២១ ខែមករា ឆ្នាំ ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយកម្មវិធីនេះដោយមានការគាំទ្រពី UNAIDS ប្រចាំប្រទេសកម្ពុជា។ សិក្ខាសាលានេះមានការចូលរួមដោយផ្ទាល់ និងតាមបណ្តាញវីដេអូ កម្មវិធី Zoom ពីស្ទើរតែគ្រប់ដៃគូពាក់ព័ន្ធ តំណាងក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល តំណាងសហគមន៍ និងអ្នកផ្ទុកមេរោគអេដស៍ផងដែរ។

សិក្ខាសាលាពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ ព្រមទាំងស្វែង យល់ពីចំណុចរខ្វះខាត ដើម្បីផ្តល់ជាអនុសាសន៍ សម្រាប់រៀបចំផែនការសកម្មភាពអនុវត្តបន្ត ក្នុងឆ្នាំ២០២២ និង២០២៣។

ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ (ឆ្នាំ២០១៩-២០២៣) ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការ ចូលរួមពីតំណាងក្រសួង ស្ថាប័ន រាជធានី ខេត្ត ជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងតំណាងអង្គការសង្គមស៊ីវិល អ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ។

ក្នុងរយៈពេល៣ឆ្នាំ នៃការអនុវត្តផែនការយុទ្ធ សាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥នេះ យើងបានពុះពារឧបសគ្គ និងការលំបាកនានា ជាពិសេសនៅក្នុងដំណាក់កាល នៃការរាតត្បាតជាសកលនៃកូវីដ-១៩ ក្នុងអំឡុងពេល២ឆ្នាំចុង ក្រោយនេះ។

អង្គសិក្ខាសាលាដែលប្រព្រឹត្តទៅពេញមួយថ្ងៃនេះ បានស្តាប់បទបង្ហាញរបស់ទីប្រឹក្សាបច្ចេកទេស និងបានពិភាក្សាពិគ្រោះយោបល់ លើរបកគំហើញនៃការពិនិត្យឡើងវិញ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ដោយបានផ្តោតលើយុទ្ធសាស្ត្រទាំង៤ និងការត្រួតពិនិត្យ វាយតម្លៃ ព្រមទាំងរៀបចំផែនការប្រតិបត្តិ សម្រាប់រយៈពេលបន្តសម្រាប់ឆ្នាំ២០២២ និង២០២៣ ដើម្បីឈានទៅសម្រេចការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចគោលដៅ ៩៥-៩៥-៩៥ និងការបញ្ចប់អេដស៍ នៅឆ្នាំ២០២៥។

ដោយមានការគាំទ្រ និងកិច្ចសហការពីអង្គការ UNAIDS អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានសម្របសម្រួលដំណើការពិនិត្យមើលវឌ្ឍន ភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ នៅចុងឆ្នាំ២០២១។ ក្នុងនោះ ទីប្រឹក្សាបច្ចេកទេសបានរៀបចំជារបាយការណ៍បឋម និងត្រូវពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីបានធាតុចូលបន្ថែមទៀត និងធ្វើការកែសម្រួលរបាយការណ៍ឲ្យកាន់តែមានភាពត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ឈានទៅសម្រេចបានគោលដៅ ៩៥-៩៥-៩៥ និងការបញ្ចប់អេដស៍នៅឆ្នាំ២០២៥ ខាងមុខ តាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងនៅក្នុងពិធីបិទសិក្ខាសាលា លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាព និងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ព្រមទាំងអំពីសមិទ្ធផលនៃគោលបំណងចំនួនបួន ក្នុងផែនការយុទ្ធសាស្ត្រជាតិលើកទី៥ ជាកិច្ចការសំខាន់។ ប៉ុន្តែ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺយើងពិភាក្សាពីរបៀបដែលយើងអាចសម្របធ្វើសុខដុមនីយកម្ម និងធ្វើឲ្យស៊ីសង្វាក់គ្នា ក្នុងការងារប្រយុទ្ធនឹងមេរោគអេដស៍ ដើម្បីឆ្ពោះទៅរកការឆ្លើយតបប្រកបដោយថាមវន្ត រួមបញ្ចូលគ្នា និងនិរន្តរភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា នៅពេលដែលយើងឈានចូលដល់ដំណាក់កាលចុងក្រោយ នៃការប្រយុទ្ធដ៏យូរអង្វែងប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ យើងត្រូវរំឭកឡើងវិញ នូវតម្រូវការក្នុងការអនុវត្តតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលអំពាវនាវជនរួមជាតិទាំងអស់ ឲ្យចូលរួមជាចរន្តជាតិមួយជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥។

នៅទីបញ្ចប់លោកទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្នុងការសំឡឹងឆ្ពោះទៅមុខក្នុងកិច្ចសហការប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នានាពេលអនាគត យើងត្រូវពិចារណាពីបរិបទផ្សេងគ្នា នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។

បរិបទទាំងនោះរួមមាន៖

*ទី១, ការធ្វើដំណើរពីការពឹងផ្អែកទៅលើជំនួយខាងក្រៅ ទៅដល់ស្ថានភាពដែលពឹងផ្អែកទៅលើថវិកាជាតិជាបណ្តើរៗ ដើម្បីធានាចីរភាព
*ទី២, ការផ្លាស់ប្តូរពីការគាំទ្រកម្មវិធី ទៅជាការគាំទ្រទាំងម្មវិធីផង និងគាំទ្រស្ថាប័នផង
*ទី៣, ការផ្លាស់ប្តូរពីអភិក្រមដែលអ្នកផ្តល់សេវាជាចំបង មកជាអភិក្រមដែលអ្នកទទួលសេវាជាចំបង៕